បណ្តាញសង្គម

គ្រោះ​រញ្ជួយដី ២.៧រ៉ិចទ័រ កើតឡើង​នៅក្បែរតំបន់​ធ្វើតេស្ត​ នុយក្លេអ៊ែរ​កូរ៉េខាងជើង!

(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ២.៧រ៉ិចទ័រ បានកើតឡើងនៅ ក្បែរតំបន់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨ ខែកុម្ភៈ ឆ្នាំ២០១៨។ យោងតាមទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង គ្រោះរញ្ជួយដីខាងលើកើតឡើងនៅចំងាយ តែ ០២គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគឦសានតំបន់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) នៅម៉ោង ៦៖៤៦នាទីព្រឹក។

ប៉ុន្តែព្រមពេលជាមួយគ្នា ទីភ្នាក់ងារនេះដដែលបានអះអាងថា គ្រោះរញ្ជួយដីនេះ គឺជាការរញ្ជួយដីធម្មជាតិដែលទំនងជាអាចបណ្ដាលមកពី ការធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាលពី ខែកញ្ញា ឆ្នាំ២០១៧។

គួររំលឹកថា គ្រោះរញ្ជួយដីលើកចុងក្រោយ កើតឡើងកាលពីថ្ងៃអង្គារ ខណៈក្រុមអ្នកជំនាញបានព្រមានថា តំបន់ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri អាចនឹងបាក់ស្រុត និងបែកធ្លាយសារធាតុវិទ្យុសកម្មជាច្រើន ដែលនឹងក្លាយជាការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតប្រជា ជនកូរ៉េខាងជើងខ្លួនឯង៕

ដកស្រង់ពី៖ Fresh News