បណ្តាញសង្គម

ដូណាល់ ត្រាំ «ព្រមានរុស្ស៊ី និងប្រាប់ឲ្យត្រៀមបាញ់ទម្លាក់​មីស៊ីលអាមេរិក​ ឲ្យហើយទៅ!»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីគួរតែត្រៀមខ្លួនឱ្យហើយ  ក្នុងការបាញ់ទម្លាក់មីស៊ីល ដែលនឹងត្រូវបាញ់ចូលក្នុងទឹកដីស៊ីរី  ជាការឆ្លើយតបទៅនឹង ការប្រើប្រាស់អាវុធគីមី នៅក្នុងទីក្រុងឌួម៉ា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។ ថ្លែងនៅលើ Twitter កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «រុស្ស៊ីបានសន្យាថា នឹងបាញ់ទម្លាក់រាល់មីស៊ីល  ដែលត្រូវបានបាញ់ចូលទឹកដីស៊ីរី។ ដូច្នេះរុស្ស៊ីគួរតែត្រៀមខ្លួនឱ្យហើយទៅ ពីព្រោះមីស៊ីលទាំងនោះ  នឹងត្រូវបានបាញ់យ៉ាងល្អ ថ្មី និងឆ្លាត! អ្នកមិនគួរធ្វើជាដៃគូជាមួយសត្វ  ដែលសម្លាប់ប្រជាជន  របស់ខ្លួនឯងទាល់តែសោះ»។

គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងកាន់តែខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ  បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៧០នាក់ ត្រូវបានគេរាយការណ៍ថា  បានស្លាប់នៅក្នុងការវាយប្រហារ ដោយអាវុធគីមី ពីសំណាក់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងទីក្រុងឌួម៉ា។

ប៉ុន្តែទីក្រុងដាម៉ាស់ បានច្រើនចោលរាល់ការចោទប្រកាន់ រីឯរុស្ស៊ីវិញក៏បានព្រមានដែរថា  នឹងបាញ់ទម្លាក់ រាល់មីស៊ីលទាំងអស់ដែល បាញ់ចូលក្នុងទឹកដីស៊ីរី៕

ដកស្រង់ពី៖ Fresh News