បណ្តាញសង្គម

មុន​លោក ដូណាល់ ត្រាំ ជួប​លោក គីម ជុងអ៊ុន លោកត្រូវ​ជួបប្រធានាធិបតី​​កូរ៉េខាងត្បូងជាមុន​សិន!

(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងជួបពិភាក្សាការងារ ជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅមុនជំនួបរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង  លោក គីម ជុងអ៊ុន ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយ  ស្ដីពីការរំសាយ អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

នេះបើតាមសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

យោងតាមសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចច បូលតុន (John Bolton) បានពិភាក្សាជាមួយ សមភាគីកូរ៉េខាងត្បូង របស់លោកគឺ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) កាលពីថ្ងៃពុធ ហើយអ្នកទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ ពីការរៀបចំជំនួបមួយ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលអាចនឹងត្រូវធ្វើឡើង មុនជំនួបកំពូលសហរដ្ឋអាមេរិក  និង កូរ៉េខាងជើង។

លោក មូន ជែអ៊ីន នឹងត្រូវជួបជាមួយលោក គីម នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈលោក ត្រាំ អះអាងថា លោកអាចនឹងជួបមេដឹកនាំ ទីក្រុងព្យុងយ៉ាង នៅចុងខែឧសភា ឬនៅដើមខែមិថុនានេះ។

គួររំលឹកថា កាលពីសប្ដាហ៍មុន លោក មូន ជែអ៊ីន បាននិយាយថា  កូរ៉េខាងជើង បានបង្ហាញពីការប្ដេជ្ញាចិត្ត រំសាយអាវុធនុយក្លេអ៊ែរ របស់ខ្លួនទាំងស្រុង ហើយទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ ក៏បានអះអាងដែរថា  ខ្លួននឹងបញ្ឈប់ការធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ និងមីស៊ីល។

ប៉ុន្តែទន្ទឹមគ្នា ទីក្រុងវ៉ាស៊ីនតោន ក៏ប្រាប់កូរ៉េខាងជើងជាមុនដែរថា នឹងមិនមានការបន្ធូរបន្ថយ  ឬដកទណ្ឌកម្មជាដាច់ខាត បើរបបដឹកនាំកុម្មុយនិស្ដមួយនេះ  មិនបោះចោលអាវុធនុយក្លេអ៊ែរ ទាំងស្រុងទេនោះ៕

ដកស្រង់ពី៖ Fresh News