បណ្តាញសង្គម

អង្គភាពប្រឆាំង អំពើពុករលួយថៃ ចាប់ផ្តើមស៊ើបអង្កេត ទ្រព្យសម្បត្តិ អតីតនាយករដ្ឋមន្រ្តី យីងឡាក់

បាងកក៖ អង្គភាពប្រឆាំង អំពើពុករលួយថៃ បានចាត់តាំង អនុគណៈកម្មាការ ស៊ើបអង្កេត ទ្រព្យសម្បត្តិ អតីតនាយករដ្ឋមន្រ្តី យីងឡាក់ និង អតីតរដ្ឋមន្រ្តីដ៏ទៃទៀត ពាក់ព័ន្ធ នឹងករណី ពុករលួយលើ គម្រោងទិញស្រូវពីកសិករ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ សុក្រ ទី ៦ ខែ មិថុនា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក វ៉នវិត សុខប៊ុន អនុលេខាធិការ គណៈកម្មាការប្រឆាំងអំពើពុករលួយថៃ បានថ្លែងថា អង្គប្រជុំ គណៈកម្មាការប្រឆាំងអំពើពុករលួយ មានសម្លេងឯកច្ឆន្ទ តែងអនុគណៈកម្មាការ ស៊ើបអង្កេត ពីទ្រព្យ សម្បត្តិ និង បំណុល ចំពោះមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធ ក្នុងសំណុំរឿង ប្រព្រឹត្តិអំពើពុករលួយ លើគម្រោង ទិញពីកសិករ បង្កឲ្យខាតបង់ថវិកាជាតិជាច្រើនសន្ធិកសន្ធាប់ ក្នុងនោះរួមមាន៖១ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តី ២ លោក និវ៉ាត់ថៃរ៉ុង ប៊ុនស៊ុងផៃសាន អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៣ លោក ប៊ុនស៊ុង តេរិយ៉ាភារម្យ អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៤ លោក យ៉ាន់យ៉ុង ផួងរ៉ាត អតីតអនុ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ៥ លោក ភូមិ សារ៉ាភុន អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក ណារ៉ុង រដ្ឋអំរិត ប្រធានអនុគណៈកម្មាការ ខាងលើ បានអះអាងថា នៅសប្ពាហ៍ក្រោយ អង្គភាពរបស់ ចាប់ផ្តើមអនុវត្តន៍ការងារ ស៊ើបអង្កេត ទ្រព្យសម្បត្តិមន្រ្តី ដែលមានរាយនាម ខាងលើ ហើយបើរក ឃើញ រកថា ទ្រព្យសម្បត្តិរបស់មន្រ្តីទាំងអស់ មានភាពមិនប្រក្រតីនោះ គណៈកម្មាការមាន អំណាចបង្កក់ទ្រព្យ សម្បត្តិ និង ឈានដល់ការឹបអូស ជាសម្បត្តិចូលរដ្ឋ បើមានភស្តុតាង ច្បាស់លាស់នោះ ។