បណ្តាញសង្គម

ចិនស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្តអនុវត្តតាមកិច្ចព្រមព្រៀងនៅសិង្ហបុរី

(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅតែបន្តជម្រុញឱ្យ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀង ស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ ដែលបានព្រមព្រៀងគ្នា នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។

នេះបើតាម លោក Li Zhanshu ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។ លោក Li Zhanshu ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងព្យុងយ៉ាង  នាឱកាសចូលរួម ក្នុងពិធីរំលឹកខួប លើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ។

បន្ថែមពីលើនេះ លោក Li ក៏បាន បញ្ជាក់ផងដែរថាទីក្រុងប៉េកាំង  ប្ដេជ្ញាចិត្តគាំទ្រយ៉ាងមុតមាំ ដល់កិច្ចខិតខំប្រឹងប្រែង រំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

លោក Li ដែលជាសមាជិកជាន់ខ្ពស់ នៃសភាប្រជាជនចិន បានលើកឡើងដូច្នេះថា៖ «យើងបានកត់សម្គាល់ឃើញថា កូរ៉េខាងជើង ពិតជាបានប្រឹងប្រែង ចូលរួមចំណែករក្សាស្ថេរភាព និងសន្តិភាព នៅក្នុងតំបន់...ប៉ុន្តែយើង ក៏សង្ឃឹមដែរថា សហរដ្ឋអាមេរិក និងកូរ៉េខាង ជើង អាចនឹងបន្តអនុវត្ តតាមអ្វីដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកំពូល រវាងលោក ត្រាំ និងលោក គីម ក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា កន្លងទៅ»។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំ កាលពីខែមិថុនា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានឈានដល់ កិច្ចព្រមព្រៀងមួយ ស្ដីពីការ រំសាយអាវុធនុយក្លេអ៊ែរ ដោយទីក្រុងព្យុងយ៉ាង បានបញ្ឈប់ការធ្វើតេស្ ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប។

ប៉ុន្តែ ក្រុមអ្នកជំនាញ ជាច្រើនអះអាងថា ការរំសាយអាវុធនុយក្លេអ៊ែរ គ្មានការរីកចំរើន គួរឱ្យកត់សម្គាល់នោះទេ  ពោលគឺសូម្បីតែលោកត្រាំ ក៏ធ្លាប់ចោទ ចិនថាជាអ្នកបង្កភាពស្មុគស្មាញ ដល់ទំនាក់ទំនងរវាង ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាង ដោយសារជម្លោះពាណិជ្ជកម្មផងដែរ៕

ដកស្រង់ពី៖ Fresh News