បណ្តាញសង្គម

លោក មូន ជែអ៊ីន៖ លោក​ប្រធាន គីម ជុងអ៊ុន នឹងមកបំពេញ​ទស្សនកិច្ច​ទីក្រុងសេអ៊ូល​ នាពេល​ឆាប់ៗខាង​មុខនេះ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី!

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ច មកកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ថ្លែងនៅក្នុងសុន្ទរកថា នៅចំពោះមុខសភាជាតិ កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះលោក មូន បានលើកឡើងយ៉ាងដូច្នេះថា  «ការបំពេញដំណើរទស្សនកិច្ច របស់លោកប្រធាន គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ... ហើយវានឹងក្លាយប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ឧបទ្វីបកូរ៉េ និងជាឱកាសមួយ ដែលយើងមិនអាចឱ្យរំលងហួសបាន»។

ទោះបីជាបែបនេះក្តី លោក មូន មិនបានញ្ជាក់លម្អិតពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចរបស់ លោក គីម នោះទេ។ លោក គីម និងលោក មូន បានជួបគ្នាចំនួន ០៣ លើកមកហើយក្នុងឆ្នាំ២០១៨ ដោយកាលពីខែមេសា ខែឧសភា ជំនួបរវាងមេដឹកនាំទំាងពីរ ធ្វើឡើងនៅឯភូមិ ផាន់ម៉ុនចុម (Panmunjom) រីឯលើកចុងក្រោយ ធ្វើឡើងក្នុងទីក្រុងព្យុយ៉ាង កាលពីខែកញ្ញា៕

ដកស្រង់ពី៖ Fresh News