បណ្តាញសង្គម

ប្រទេសចិន រាយការណ៏ពីការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ជាលើកដំបូង ក្នុងខេត្តហ្វាងទុង Guangdong

ប្រទេសចិន បានអះអាងកាលពីថ្ងៃពុធថា ការផ្ទុះឡើងនៃករណីជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកជាលើកដំបូង នាខេត្តភាគខាងត្បូង ហ្វាងទុង ខណះជំងឺឆ្លងកម្រឹតខ្ពស់នេះ បន្តរីករាលដាលពាសពេញប្រទេសដែលផលិតសត្វជ្រូកដ៏ធំបំផុតរបស់ពិភពលោក។

ការផ្ទុះឡើង ក្នុងទីក្រុង Zhuhai នៃខេត្ត Guangdong បានសម្លាប់សត្វអស់១១ក្បាល នាទីសត្វឃាត នេះបើតាមក្រសួងកសិកម្ម និងកិច្ចការជនបទ ថ្លែងក្នុងគេហទំព័ររបស់ខ្លួន។

ខេត្ត Guangdong គឺជាតំបន់ដែលប្រើប្រាស់សាច់ជ្រូកដ៏ចំបងមួយ ហើយពឹងផ្អែកជាសំខាន់លើការផ្គត់ផ្គង់ពីខេត្តផ្សេងៗ។ ការផ្ទុះឡើងជាលើកដំបូងនៃជំងឺនេះ ត្រូវបានរាយការណ៏ថា ទំនងជានឹងបន្ថែមតម្លៃសាច់ក្នុងតំបន់ នេះបើតាមសំដីក្រុមអ្នកវិភាគ។

តម្លៃសាច់ជ្រូកក្នុងខេត្ត Guangdong គឺប្រហែល១៦យ័ន ស្មើនឹង២.៣២ដុល្លារអាមេរិក ក្នុង១គីឡូ កាលពីថ្ងៃពុធ ដែលបានកើនឡើង១០ភាគរយ ចាប់តាំងពីដើមខែសីហា នៅពេលដែលប្រទេស បានរាយការណ៏ពីករណីផ្ទុះឡើង នូវជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិករបស់ខ្លួនជាលើកដំបូង នេះបើយោងតាមទិន្នន័យដែលផ្តល់ពីការពិគ្រោះយោបល់វិភាគទិន្នន័យទំនិញចិន-អាមេរិក ដោយសារតែការហាមឃាត់ការដឹកជញ្ជូនសត្វជ្រូករស់។ ទីក្រុង Zhuhai គឺឋិតនៅប្រមាណ៣ពាន់គ.មពីស្រុក Shenyang ក្នុងខេត្ត Liaoning ទីដែលផ្ទុះជំងឺលើកដំបូងនៃប្រទេសចិន ។

ប្រទេសចិន បានរាយការណ៏ប្រហែល៩០ករណីរួចមកហើយ មកទល់ពេលនេះ។ ទីក្រុងប៉េកាំង បានហាមឃាត់ការដឹកជញ្ជូនសត្វជ្រូករស់ពីតំបន់នានា ដែលត្រូវបានរកឃើញពីការផ្ទុះឡើងនូវជំងឺនេះ និងខេត្តជាប់ៗនោះ ក្នុងការបង្ការការរីករាលដាននៃជំងឺ។

ជំងឺនេះ គឺងាយស្លាប់ចំពោះសត្វជ្រូក តែមិនមានគ្រោះថ្នាក់ចំពោះមនុស្សទេ។