បណ្តាញសង្គម

ស្លាប់៣នាក់ និងរងរបួស១០នាក់ ក្នុងការវាយប្រហារភាវរកម្មមកលើក្រសួងការបរទេសរបស់ប្រទេសលីប៊ី

យ៉ាងហោចណាស់ មានមនុស្ស៣នាក់ ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀត រួមទាំងអ្នកជំនួយវេជ្ជបណ្ឌិតផង បានរងរបួសកាលពីថ្ងៃអង្គារ៍ អំឡុងពេលការវាយប្រហារភាវរកម្ម មកលើស្នាក់ការរបស់ក្រសួងការបរទេសប្រទេសលីប៊ី នាទីក្រុង Tripoli នេះបើតាមក្រសួងសុខាភិបាលឲ្យដឹង។

ការវាយប្រហារ បានកើតឡើងនៅម៉ោង៩ព្រឹក ម៉ោងនៅក្នុងស្រុក នៅពេលដែលឡានបំផ្ទុះគ្រាប់បែកមួយ បានផ្ទុះឡើងនៅខាងក្រោយអគារក្រសួងតែម្តង នេះបើតាមប្រភពក្រសួងការបរទេសប្រាប់ កាសែតស៊ិនហួរ ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ។

បន្ទាប់ពីនោះមក ក្រុមខ្មាន់កាំភ្លើងមួយក្រុម បាននាំគ្នាដើរចូលអគារ ពីច្រកខាងមុខ និងខាងក្រោយ ហើយបានបើកការបាញ់ប្រហារដ៏សន្ធាប់ជាមួយកងកម្លាំងសន្តិសុខ មន្រ្តីរូបនោះបានបន្ថែម។

ក៏មានការផ្ទុះដ៏ធំមួយផងដែរ ក្នុងអគារសំខាន់របស់ក្រសួង ហើយបង្កជាការឆាបឆេះ ដែលមិនទាន់ត្រូវបានពន្លត់នៅឡើយទេ នេះបើតាមប្រភព បង្ហើបប្រាប់។

ក្រសួងការបរទេស បានថ្កោលទោសការវាយប្រហារ និងបានអំពាវនាវសហគមន៍អន្តរជាតិ ឲ្យគាំទ្រការប្រយុទ្ធប្រឆាំងភាវរកម្មរបស់ប្រទេសលីប៊ី។ កាលពីខែកញ្ញា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បានវាយប្រហារមកលើទីស្នាក់ការសាជីវកម្មប្រេងរបស់ជាតិ ក្នុងកណ្តាលរដ្ឋធានី Tripoli ដោយសម្លាប់ជីវិតមនុស្សអស់ ២នាក់ និងរបួសរាប់សិបនាក់ផងដែរ។