បណ្តាញសង្គម

ចិនប្រតិកម្មតបវិញខ្លាំងៗ ក្រោយលឺពាក្យសម្តី​នាយក​រដ្ឋមន្ត្រី​កាណាដាថា ចង់តវ៉ា​ជាមួយចិនដល់ទីបញ្ចប់ ជុំវិញការ​ផ្តន្ទាទោសប្រហារជីវិត​ជនជាតិ​កាណាដា​នៅចិន!

  (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការរិះធ្ងន់ៗ ចំពោះពាក្យសម្តីរបស់ នាយករដ្ឋមន្រ្តីកាណាដា លោក ចានស្ទីន ទ្រូដូ (Justin Trudeau) ដែលបានប្រតិកម្មខ្លាំងៗ បន្ទាប់ពីបុរសជនជាតិកាណាដាម្នាក់ ឈ្មោះ រ៉ូប៊ឺត ឡយដ៍ ស្គែឡិនប៊ឺក (Robert Lloyd Schellenberg) ត្រូវបានកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន នៅក្នុងប្រទេសចិន។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានលើកឡើងយ៉ាងដូច្នេះថា  «យើងទទូចឲ្យកាណាដា គោរពនូវនីតិវិធីច្បាប់ គោរពអំណាចនៃប្រព័ន្ធយុត្តិធម៌របស់ចិន ហើយកែតម្រូវកំហុសឆ្គងរបស់ពួកគេ  និងឈប់និយាយស្តី ដោយពុំមានភាព ទទួលខុសត្រូវបែបនេះទៀត»។

ការរិះគន់នេះធ្វើឡើង បន្ទាប់ពីលោក Trudeau បាននិយាយថា  ទីក្រុងប៉េកាំង បានសម្រេចចាប់ផ្តើម អនុវត្តន៍ទោសប្រហោរជីវិត តាមតែអំពើចិត្តរបស់ខ្លួន ហើយលោកបានប្តេជ្ញាថា នឹងតតាំងឲ្យអស់ដៃ ជាមួយចិនជុំវិញបញ្ហានេះ។

គួរជម្រាបថា លោក Schellenberg ត្រូវបានអាជ្ញាធរចិន ចាប់ខ្លួនកាលពីឆ្នាំ២០១៤  ពីបទរត់ពន្ធគ្រឿងញៀន ចេញពីចិនចូលទៅកាន់អូស្រ្តាលី។ កាលពីខែវិច្ឆិកាឆ្នាំមុន លោកត្រូវផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំម្តងរួចទៅហើយ  តែលោកបានប្តឹងឧទ្ធរណ៍។

នាថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការខេត្តឡាវនីង (Liaoning) បានសម្រេចឡើងវិញថា ការផ្តន្ទាទោសកាលនោះ ហាក់ដូចជាធូរស្រាលពេក  ទើបធ្វើការសម្រេចជាថ្មី ដោយផ្តន្ទាទោសប្រហារជីវិត បុរសជនជាតិកាណាដាតែម្តង។ យ៉ាងណាមិញបើតាមមេធាវី លោក Schellenberg នឹងនៅតែប្តឹងឧទ្ធរណ៍តទៀត ដោយលោកមានរយៈពេល ១០ថ្ងៃ៕

ដកស្រង់ពី៖ Fresh News