បណ្តាញសង្គម

រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​៖ សមត្ថភាព​មីស៊ីល​ផ្លោងរបស់កូរ៉េខាងជើង និង​អ៊ីរ៉ង់ នៅតែ​ជាបញ្ហាធំ​សម្រាប់​អាមេរិក...

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិ ស្ដីទីអាមេរិក លោក ផាទ្រីក សាណាហាន (Patrick Shanahan) បាននិយាយថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់   និងជាពិសេសកូរ៉េខាងជើង នៅតែក្ដីកង្វល់ដ៏ធំ របស់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងព្យុងយ៉ាង បានផ្អាកការធ្វើតេស្ដមីស៊ីល  និងអាវុធនុយក្លេអ៊ែរ របស់ខ្លួនក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

នៅក្នុងពិធីដាក់ចេញកម្មវិធី ពិនិត្យប្រព័ន្ធការពារមីស៊ីលឆ្នាំ ២០១៩ (2019 Missile Defense Review) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ ក្នុងមន្ទីរបញ្ចកោណ លោក Shanahan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខណៈពួកយើង ស្ថិតនៅលើដំណាក់កាលថ្មីមួយ ឆ្ពោះទៅកាន់ការស្វែងរកសន្តិភាព នៅលើឧបទ្វីបកូរ៉េ... សមត្ថភាព មីស៊ីលអ៊ីរ៉ង់ ជាពិសេសគឺកូរ៉េខាងជើង នៅតែក្ដីកង្វល់ដ៏ធំ សម្រាប់យុទ្ធសាស្ត្រមីស៊ីល របស់សហរដ្ឋអាមេរិក»។

តែទោះជាយ៉ាងនេះក្ដី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិកលោក ចន រូដ (John Rood) ក៏បានសង្កតធ្ងន់ដែរថា  បើទោះបីជាទីក្រុងព្យុងយ៉ាង មានមីស៊ីលរយៈចំងាយឆ្ងាយ ដែលមានសមត្ថភាព បាញ់ដល់ទឹកដីអាមេរិកក៏ដោយ តែផ្អែកលើគោលនយោបាយ  2019 Missile Defense Review របស់រដ្ឋបាលលោក ដូណាល់ ត្រាំ កងកម្លាំងមីស៊ីលអាមេរិកនឹងមានសមត្ថភាពគ្រប់គ្រាន់  ក្នុងការទប់ស្កាត់ ការគម្រាមកំហែងនេះ។

គួរបញ្ជាក់ថា ការលើកឡើងខាងលើ របស់លោក Patrick Shanahan ធ្វើឡើងបន្ទាប់ពី សារព័ត៌មាន យ៉ូមីអ៊ូរិ ស៊ីមប៊ុន (Yomiuri Shimbun) បានរាយការណ៍ កាលពីថ្ងៃអាទិត្យកន្លងទៅថា យោធាកូរ៉េខាងជើង បានធ្វើតេស្ដកាលពីខែធ្នូ ឆ្នាំ២០១៨  នូវឧបករណ៍ទំនាក់ទំនងដោយស្វ័យប្រវត្តិមួយ សម្រាប់តាមដានការបាញ់មីស៊ីលអន្តរទ្វីប ICBM។ លើសពីនេះទៅទៀត សារព័ត៌មានជប៉ុនមួយនេះ ថែមបានទាំងចុះផ្សាយថា ទីក្រុងព្យុងយ៉ាង ក៏បានធ្វើតេស្ដលើឧបករណ៍ ចាប់រលកសំឡេង  ដែលអាចតម្លើង លើមីស៊ីលបាលិស្ទីគ ដើម្បីអនុញ្ញាតឱ្យយោធារបស់ខ្លួន ងាយស្រួលតាមដានល្បឿន ទីតាំង និងការហោះហើររបស់មីស៊ីលផងដែរ៕

ដកស្រង់ពី៖ Fresh News