បណ្តាញសង្គម

ស្លាប់៣នាក់ និងរងរបួស១៧២នាក់ ក្នុងតំបន់ Havana បន្ទាប់ពីខ្យល់ព្យុះសង្ឃរា tornado ដ៏ខ្លាំងក្លា

ខ្យល់ព្យុះសង្ឃរា tornado ដ៏មានអំណាចមួយ បានបក់ឆ្លងកាត់រដ្ឋធានីប្រទេសគុយបា កាលពីយប់ថ្ងៃអាទិត្យ ដោយបានបន្សល់នូវមនុស្សស្លាប់៣នាក់ និងរងរបួស១៧២នាក់ នេះបើតាមសំដីលោកប្រធានាធិបតីគុយបា Miguel Diaz-Canel កាលពីព្រឹកថ្ងៃចន្ទ។

លោក Diaz-Canel បាននិយាយក្នុងសារលើគណនី Twitter របស់លោកថា លោកបានចុះទៅអង្កេតកន្លែងដែលរងផលប៉ះពាល់ ក្នុងក្រុង Regla ក្នុងតំបន់ Havana ហើយ។

ខ្យល់ព្យុះសង្ឃរា tornado បានវាយប្រហារក្រុងជាច្រើនក្នុងតំបន់ Havana ដោយបណ្តាលឲ្យទីក្រុងភាគច្រើន គ្មានថាមពលប្រើប្រាស់ និងនាំមកនូវការខូចខាតសម្ភារះសំខាន់ៗជាច្រើន។ លើបណ្តាញសង្គម ប្រជាជនគុយបា បានចែករំលែករូបភាពនៃឡានក្រលាប់ កំទេចកំទីនៃផ្ទះដែលបាក់រលំ និងខ្សែថាមពលដែលបាក់ធ្លាក់ចុះ។

កម្លាំងនៃខ្យល់ព្យុះសង្ឃរា tornado អាចត្រូវប្រៀបធៀបនឹងកម្រឹត៤ ឬ៥ នៃខ្យល់ព្យុះ hurricane បើទោះជាផលប៉ះពាល់វា ត្រូវគេផ្តោតខ្លាំងជាងក៏ដោយ នេះបើតាមគេហទំព័រពិភាក្សារបស់គុយបាលើគណនីហ្វេសប៊ុករបស់ខ្លួន។

ខ្យល់ព្យុះ បានរាលដាលកាលពីយប់ថ្ងៃអាទិត្យជាមួយទឹកភ្លៀងខ្លាំងខ្យល់កន្ទ្រាក់ ១០០គ.ម ក្នុងមួយម៉ោង និងទឹកជំនន់តំបន់ឆ្នេរសមុទ្រ។

វិទ្យាស្ថានអាកាសធាតុរបស់ប្រទេសគុយបា បានឲ្យដឹងថាកម្រឹតទាបនៃត្រូពិកបន្ថែម បានធ្លាក់ចុះខ្សោយក្នុងរយះពេលប៉ុន្មានម៉ោងចុងក្រោយ ហើយទឹកភ្លៀង នឹងថមថយចុះកម្លាំង ។

សេវ៉ាអគ្គិសនី ត្រូវបានគេស្តារឡើងវិញ ក្នុងតំបន់មួយចំនួនក្នុងទីក្រុង ដោយសារតែលក្ខខ័ណ្ឌអាកាសធាតុ បានល្អប្រសើរ។

ខ្យល់ព្យុះ Tornado គឺមិនធម្មតាទេក្នុងប្រទេសគុយបា។ ព្យុះដែលត្រូវបានគេចងចាំបំផុតមួយ គឺកើតមានកាលពីធ្នូ ឆ្នាំ១៩៤០ នៅពេលដែលខ្យល់ព្យុះ tornado បានបោកបក់មកលើទីក្រុង Bejucal ដែលបង្កឲ្យមានអ្នកស្លាប់ជាច្រើន។