បណ្តាញសង្គម

អឺរ៉ុប​ចេញមុខបង្កើតក្រុមការងារ​អន្តរជាតិ​មួយ ដើម្បី​ស្វែងរកច្រកចេញពី​វិបត្តិ​វេណេស៊ុយអេឡា ដែល​កំពុងក្តៅគគុកបំផុត!

(ម៉ូស្គួ)៖ រដ្ឋមន្ត្រីការបរទេសអឺរ៉ុប លោកស្រី ហ្វែឌែរីកា ម៉ូហ្គែរីនី (Federica Mogherini) បាននិយាយថា  សហភាពអឺរ៉ុប បានសម្រេចចិត្ត បង្កើតក្រុមការងារអន្តរជាតិមួយ ដើម្បីរកច្រកចេញនៃវិបត្តិ នៅក្នុងប្រទេស វេណេស៊ុយអេឡា។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Mogherini បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសម្រេចចិត្ ត បង្កើតក្រុមការងារ ទំនាក់ទំនងអន្តរជាតិមួយ ស្ដីពីវេណេស៊ុយអេឡា ដែលទទួលបានការឯកភាព ពីចំណោមរដ្ឋជាសមាជិករបស់យើង ខណៈបណ្ដាប្រទេស អាមេរិកឡាទីនមួយចំនួន នឹងចូលរួមក្នុងក្រុមការងារនេះដែរ»។

លោកស្រី Federica Mogherini បានបន្ថែមថា ក្រុមការងារនេះនឹងត្រួវបាន សម្របសម្រួលដោយ សហភាពអឺរ៉ុប  ក៏ដូចជានឹងត្រួវធ្វើប្រតិបត្តិការ កំណត់ក្នុងរយៈពេល ៩០ថ្ងៃ។ ម្យ៉ាងវិញទៀត បន្ទាប់ពីអស់ កាលកំណត់លទ្ធផលនឹងត្រូវបានវិភាគ  និងវាយតម្លៃ ហើយគ្មានភាពជឿនលឿនទេ ក្រុមការងារនេះនឹងត្រូវរំលាយ។ គួរជម្រាបថា បើតាមលោកស្រី Mogherini សម្រាប់ខាងភាគី សហភាពអឺរ៉ុប ប្រទេសដែលនឹងត្រូវចូលរួម ក្នុងក្រុមការងារខាងលើ រួមមានដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ ស៊ុយអែត ហូឡង់ និងចក្រភពអង់គ្លេសជាដើម។

ដោយសារតែសហភាពអឺរ៉ុប មានប្រទេសជាសមាជិកចំនួន ២៧នោះ ដូច្នេះការសម្រេចចិត្ត ទៅលើការដោះស្រាយវិបត្តិ វេណេស៊ុយអេឡា  ត្រូវតែធ្វើឡើងជាមតិរួម បើទោះបីជាសមាជិកមួយចំនួន បានបង្ហាញជំហរពួកគេ រួចហើយក៏ដោយ៕

ដកស្រង់ពី៖ Fresh News