បណ្តាញសង្គម

ថ្នាក់ដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ចូលគាល់ព្រះមហាក្សត្រ នៅរសៀលស្អែកនេះ

ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ស្អែកនេះ ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងដឹកដៃគ្នា ឡើងគាល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។

ដំណើរចូលគាល់នេះ ត្រូវបាន ឯកឧត្តម សុន ឆ័យ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សទាំងពីរ នឹងរាយការណ៍ ថ្វាយអង្គព្រះមហាក្សត្រ អំពីលទ្ធផល ដ៏ផ្លែផ្កា នៃជំនួប កាលពីថ្ងៃម្សិលមិញ។ លទ្ធផលដ៏ផ្លែផ្កា នៃជំនួបចរចា កាលពីថ្ងៃអង្គារ ម្សិលមិញ នឹងត្រូវទូលថ្វាយ ដល់អង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀល ថ្ងៃស្អែកនេះហើយ។

ថ្លែងប្រាប់ នៅព្រឹកថ្ងៃពុធនេះ ឯកឧត្តម សុន ឆ័យ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ថ្នាក់ដឹកនាំកំពូល នៃគណបក្ស ជាប់ឆ្នោតទាំងពីរ បានព្រមព្រៀង កំណត់យកថ្ងៃព្រហស្បតិ៍នេះ ដើម្បីនាំរបាយការណ៍ និងទូលថ្វាយ អង្គព្រះមហាក្សត្រ អំពីលទ្ធផល នៃជំនួបចរចា ដែលគណបក្សទាំងពីរ បានព្រមព្រៀង កាលពីថ្ងៃម្សិលមិញនោះ។

គួរបញ្ជាក់ថា: កិច្ចព្រមព្រៀងបញ្ចប់ ទំនាស់នៅ ថ្ងៃអង្គារម្សិលមិញនេះ គណបក្សសង្គ្រោះជាតិ បានសម្រេចយល់ព្រម ចូលប្រជុំសភា ជាផ្លូវការហើយ។ ប៉ុន្តែ ឯកឧត្តម សុន ឆ័យ នៅមិនអាចបញ្ជាក់ ពីកាលបរិច្ឆេទច្បាស់លាស់ ដែលក្រុមអ្នកតំណាងរាស្ត្រ ទាំង៥៥រូប របស់ គណបក្សសង្គ្រោះជាតិ ចូលស្បថ ទទូលអភ័យឯកសិទ្ធិនោះ នៅឡើយទេ។ «យើងនិងពិចារណា អំពីនីតិវិធី នៃកម្មវិធីនេះ ពីព្រោះ យើងត្រូវធ្វើ ទំនាក់ទំងនង ជាមួយមន្ត្រី ខុទ្ទកាល័យរបស់ ព្រះមហាក្សត្រ។ ខ្ញុំមិនទាន់អាចបញ្ជាក់បានទេ ថាតើនឹងត្រូវស្បថ នៅចុងខែ កក្កដា នេះ ឬយ៉ាងណានោះ»៕