បណ្តាញសង្គម

រដ្ឋមន្ត្រីទេសចរណ៍៖ ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩

(ភ្នំពេញ)៖ ក្រោយជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះរួចមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននាំដំណឹងល្អមួយឱ្យដឹងថា នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ នឹងបើកជើងហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀតណាម។

ប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ខាងលើនេះ ដឹកនាំដោយលោក ហ័ង ម៉ាញ់ទួន (Hoang Manh Tuan) អគ្គនាយកក្រុមហ៊ុនផ្ទាល់តែម្ដង។

ការជួបពិភាក្សានេះ គឺដើម្បីសុំការគាំទ្រពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ខាងលើ។ ក្រោយចប់កិច្ចពិភាក្សា លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នឹងបើកឱ្យមានជើងហោះហើរត្រង់លើកដំបូង ពីភ្នំពេញទៅដាណាង នាថ្ងៃទី២៧ ខែវិច្ឆិកា ខាងមុខ ហើយគាត់បានមកសុំការគាំទ្រពីក្រសួងទេសចរណ៍»។

ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើងហោះហើរត្រង់នេះ លោក ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។

លោកបានស្នើបន្ថែមឱ្យក្រុមហ៊ុនបង្កើនការគិតគូរលើការបង្កើនជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា។

ចំពោះសំណើខាងលើនេះ លោកអគ្គនាយក ហ័ង ម៉ាញ់ទួន ក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។

សូមជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។

បើតាមការសម្លឹងឃើញរបស់លោករដ្ឋមន្ត្រី ថោង ខុន ខេត្តដាណាង ជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរ ដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញទៅដាណាងផងដែរ។

លោកថា «អ្វីដែលសំខាន់ គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន»។

ក្រោយពីមានការរិះគន់ចំពោះបញ្ហាពន្យារពេល និងលុបចោលជើងហោះហើរ ក្រុមហ៊ុនបានកែសម្រួលសេវាកម្មរបស់ខ្លួនល្អប្រសើរច្រើនឡើងវិញហើយ ចាប់ពីដើមឆ្នាំ២០១៩នេះមក ហើយលោកអគ្គនាយក ហ័ង ម៉ាញ់ទួន ក៏បានប្ដេជ្ញាពង្រឹងគុណភាពសេវាដឹកអ្នកដំណើររបស់ខ្លួនផងដែរ៕

ដកស្រង់ពី៖ Fresh News