បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់ពលរដ្ឋស្ដីពី ការទទួលយកដីឡូត៍ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំអនុវត្តវិធានការរដ្ឋបាលចំពោះអ្នករឹងរូសចំនួន ៨ក្បាលដី ដែលមិនព្រមរុះរើ និងប្រគល់ដីកាន់កាប់ខុសច្បាប់ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ជូនប្រជាពលរដ្ឋដែលមានសេចក្ដីសម្រេចត្រឹមត្រូវពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែល Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ។

សេចក្ដីជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញថា ដើម្បីឲ្យគណៈកម្មការបែងចែកដីឡូត៍ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ប្រព្រឹត្តិទៅដោយរលូន សូមបង-ប្អូនប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីដែលមានសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវទាំងអស់ អញ្ជើញយកឯកសារពាក់ព័ន្ធការកាន់កាប់ដីមកបង្ហាញ ក្នុងការត្រៀមចូល កាន់កាប់ដី និងធ្វើរបងគ្រប់គ្រងដីឡូត៌រៀងៗខ្លួន នៅទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃសាលារាជធានីភ្នំពេញ ជាន់ទី៧ ដោយទុករយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នៅក្នុងខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះបានធ្វើឡើងយោង៖ លិខិតលេខ ៧៤៦ សជណ.ផក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី, លិខិតលេខ ១២៤៤ សជណ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងស្មារតីអង្គប្រជុំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ៕

ដកស្រង់ពី៖ Fresh News