បណ្តាញសង្គម

រាជរដ្ឋាភិបាលកម្ពុជា អរគុណម៉ាឡេស៊ី ដែលផ្តល់ការងារដល់ពលករខ្មែរចំណាកស្រុក​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលផ្តល់ឱកាសការងារជូនដល់ពលករចំណាកស្រុករបស់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ដែលផ្សព្វផ្សាយក្រសួងការបរទេស អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំងពីរលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបន្តពង្រឹងក្របខណ្ឌដែលបានព្រមព្រៀងគ្នាក្នុងវិស័យការងារ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីការពារសិទ្ធិ និងដោះស្រាយបញ្ហាសុខុមាលភាពពលករចំណាកស្រុករបស់កម្ពុជានៅម៉ាឡេស៊ី»។

រាជរដ្ឋាភិបាលកម្ពុជា-ម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មីឡើងវិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបញ្ជូនពលរដ្ឋខ្មែរទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានផ្អាកអស់រយៈពេលជាច្រើន ដើម្បីសិក្សាកែលម្អឡើងវិញ៕

ដកស្រង់ពី៖  Fresh News