បណ្តាញសង្គម

ក្រសួងសេដ្ឋកិច្ច ស្នើឲ្យ ធនាគារជាតិ បង្កកគណនី របស់ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប

ភ្នំពេញ៖ នៅក្នុងលិខិត ចុះពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់ ឯកឧត្តម អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា ចាត់វិធានការបង្កកគណនី ឧកញ៉ាល្បីឈ្មោះ ជាច្រើនរូប ក្នុងករណីជំពាក់បំណុលរដ្ឋ ហើយ មិនបានសង បើទោះបីជាក្រសួងបានជូន ដំណឹងក្រើនរំឭក ជាបន្តបន្ទាប់ ដល់ភាគីឯកជន រួសរាន់សងបំណុល ដែលជំពាក់រដ្ឋ និងបានព្រមានចាត់វិធានការ តឹងដើម្បីទារបំណុលនោះ។

ឧកញ៉ាល្បីឈ្មោះ ដែលត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើឲ្យ ធនាគារជាតិ នៃកម្ពុជា ចាត់វិធានការបង្កកគណនីនោះ រួមមាន ៖ លោកជំទាវ ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ករណីបង់ប្រាក់លំអៀង ពីការដោះដូរ ទីតាំងអតីតនាយកដ្ឋានសម្ភារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងទូ ទាត់បង្គ្រប់ថ្លៃទិញផ្តាច់ ទីតាំងអតីតអង់តែន ទូរទស្សន៍ទួលគោក របស់ក្រសួងព័ត៌មាន។

លោកស្រី ភូ ស៊ីវខេង ប្រធានក្រុមហ៊ុន Golden Century Import Export Co.,Ltd ករណីបង់បង្គ្រប់ ថ្លៃទិញផ្តាច់ទីតាំង អតីតសណ្ឋាគារជ័យជំនះ និងអាង ហែលទឹក ខេត្តបាត់ដំបង របស់ក្រសួងមហាផ្ទៃ។
លោកឧកញ៉ា ងិន មនោ ប្រធានក្រុមហ៊ុន មនោរតន ខនស្ត្រាក់សិន ករណីទូទាត់ ជាដំណាក់ថ្លៃទិញផ្តាច់ ទីតាំងអតីតសណ្ឋាគារមនោរម្យ របស់សាលា រាជធានីភ្នំពេញ និងបង់ប្រាក់លំអៀងថ្លៃ ដោះដូរទីតាំងឃ្លាំងឱសថ របស់ក្រសួង ការពារជាតិ។

លោកឧកញ៉ា នង សាវុធ ប្រធានក្រុមហ៊ុន សុវណ្ណវឌ្ឍនៈ ករណីទិញផ្តាច់ទី តាំងអតីតនាយកដ្ឋានវត្ថុបុរាណ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ក្នុងលិខិតថា ដោយភាគីឯកជនមិន បានធ្វើការទូទាត់សងបំណុលជាប់ជំពាក់ និងប្រាក់ពិន័យ តាមពេលវេលាកំណត់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើសុំកិច្ចសហការពី ឯកឧត្តម ក្នុងការចាត់វិធាន ការបន្ត ដោយបង្កកគណនីអ្នក ដែលមានឈ្មោះ ដូចបានជម្រាបជូនខាងលើ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជូនដំណឹង ស្នើសុំបើកគណនី ទាំងនោះឡើងវិញ នៅពេលដែលភាគី ឯកជនបានទូទាត់សងបំណុល ជាប់ជំពាក់ និងប្រាក់ពិន័យ ជូនរដ្ឋរួចរាល់ និងគ្រប់ចំនួននោះ៕

ដកស្រង់ពី៖ គេហទំព័រ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៃក្រសួងព័ត៌មាន