បណ្តាញសង្គម

តំណាងរាស្ត្រ ជាប់ឆ្នោត គណបក្សសង្រ្គោះជាតិ ចូលស្បថនៅ ព្រះបរមរាជវាំង

ភ្នំពេញ៖ ដូចការគ្រោងទុក នៅម៉ោង ៣ និង៣៨នាទីរសៀល ថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០១៤នេះ តំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានចូលធ្វើ សច្ចាប្រណិធាន ក្នុងព្រះបរមរាជវាំងហើយ ក្រោមព្រះរាជាធិបតី ដ៍ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅលើព្រះទីនាំងទេវាវិនិឆ្ឆ័យ។

នៅក្នុងពិធីសច្ចាប្រណិធាននេះ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអញ្ជើញចូលរួមជាមួយផងដែរ។

ឯកឧត្តម សុន ឆ័យ តំណាងរាស្រ្តជាប់ឆ្នោត នៃគណបក្សសង្រ្គោះជាតិ មុនចេញដំណើរពី វិមានរដ្ឋសភា ឆ្ពោះទៅកាន់ ព្រះបរមរាជវាំង បានថ្លែងប្រាប់ ក្រុមអ្នកព័ត៌មានថា ការចូលស្បថ នៅក្នុងព្រះបរមរាជវាំង ដើម្បីចូលទៅបម្រើ ការងារនៅរដ្ឋសភានេះ គឺធ្វើឡើង ស្របតាមឆន្ទៈរាស្រ្ត និងដើម្បីការពារ ប្រយោជន៍រាស្រ្ត។

ពិធីសច្ចាប្រណិធាននេះ ធ្វើឡើងបន្ទាប់ពី គណបក្សជាប់ឆ្នោត បានចុះកិច្ចព្រមព្រៀងរួមគ្នា បិទបញ្ចប់វិបត្តិ នយោបាយ កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាង សម្ដេចតេជា នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលមានភាគីម្ខាងៗ ៨រូប នៅវិមានព្រឹទ្ធសភា។