បណ្តាញសង្គម

ប្រកាសជាផ្លូវការ ដំទ្បើងឋានៈ វិទ្យាស្ថាន NTTI ស្មើថ្នាក់ អគ្គនាយកដ្ឋាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ដំឡើងឋានៈ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) ឲ្យមានឋានៈស្មើថ្នាក់ អគ្គនាយកដ្ឋាន នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ពិធីប្រការជាផ្លូវការ ត្រូវបានរៀបចំឡើង នារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោក យ៉ោក សុទ្ធី នាយក NTTI បានមានប្រសាសន៍ថា វិទ្យាស្ថាន បណ្តុះបណ្តាល បច្ចេកទេស ត្រូវបានកសាងឡើង ក្នុងឆ្នាំ ១៩៥៨ មានឈ្មោះថា ៖ មជ្ឃមណ្ឌលព្រះកុសមៈ សម្រាប់បណ្តុះបណ្តាលជំនាញ ដល់កម្មករអគ្គិសនីកម្ពុជា ហើយបានបើកឲ្យដំណើរការនៅឆ្នាំ១៩៦៣ ដែលមានសិស្សចូលរៀនចំនួន ១៤នាក់ក្រោម ការបង្ហាត់បង្រៀន ពីសាស្រ្តាចារ្យបារំាង ។ ក្នុងរបបអាវខ្មៅប៉ុលពត មជ្ឈមណ្ឌលនេះ ត្រូវបានបិទទ្វារទំាងស្រុង ហើយក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មជ្ឈមណ្ឌលនេះ ត្រូវបានប្រើជាឃ្លាំង របស់អគ្គិសនីកម្ពុជា (EDC) ។ នៅឆ្នាំ១៩៨១ មជ្ឈមណ្ឌលនេះ បានបង្កើតទ្បើងជា គ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដែលមានឈ្មោះថា “ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈទឹកថ្លា” ក្រោមជំនួយឧបត្ថម្ភ របស់សហភាពសូវៀត ។

លោកបន្តថា នៅឆ្នាំ១៩៨៣ មជ្ឈមណ្ឌល បានប្តូរឈ្មោះមកជា “មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជិវៈ មិត្តភាពកម្ពុជា-សូវៀត” នៅឆ្នាំ១៩៩៣ ត្រូវបានប្តូរឈ្មោះទៅជា “មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ព្រះកុសមៈ” ។ ក្រោមការជួយឧបត្ថម្ភ គំាទ្រទំាងស្រុង ពីរាជរដ្ឋាភិបាលកម្ពុជា មជ្ឈមណ្ឌលនេះ បានប្តូរឈ្មោះទៅជា “វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស” របស់ក្រសួងអប់រំ យុវជន និងកីទ្បា  និងបានតម្លើងថ្នាក់វិទ្យាស្ថាននេះ ស្មើនាយកដ្ឋាន តាមអនុក្រិត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០១ ។ លុះដល់ឆ្នំា២០០៤ វិទ្យាស្ថាន ត្រូវបានរាជរដ្ឋាភិបាល សម្រេចផ្ទេរពី ក្រសួងអប់រំ មកស្ថិតក្រោម ការគ្រប់គ្រង របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈវិញ។

លោក បានបន្តថាវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស គឺជាគ្រឹះស្ថាន បណ្តុះបណ្តាល តាមប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមានដេប៉ាតឺម៉ង់ចំនួន៣ ហើយបច្ចុប្បន្នវិទ្យាស្ថាន បានបង្កើតបន្ថែម ដេប៉ាតឺម៉ង់ចំនួន២ និងផ្នែកចំនួន១ ថែមទៀត ក្នុងនោះរួមមានៈ  ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តអប់រំ បណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ, ដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល, ដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេទ្បិចត្រូនិក, ដេប៉ាតឺម៉ង់ ស្រាវជ្រាវ និងផែនការ ស្ថិតិ, ដេប៉ាតឺម៉ង់ ព័ត៌មានវិទ្យា។

លោកបន្ថែមថា «បច្ចុប្បន្នវិទ្យាស្ថាន បានពង្រីកខ្លួន និងមានកិច្ចសហប្រតិបត្តិការ ជាមួយ បណ្តាដៃគូទំាងក្នុង និងក្រៅ ប្រទេស ហើយដោយមាន ការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលផងនោះ វិទ្យាស្ថាន បានសម្លើងឋានៈរបស់ខ្លួន មួយកម្រិតទៀតស្មើថ្នាក់ អគ្គនាយកដ្ឋាន តាមអនុក្រឹត្យ លេខ១១៣ អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ »។

លោកពេជ សោភ័ន បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាទិ៍មាន វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស បានដើរតួយ៉ាងសំខាន់ ក្នុងការបណ្តុំបណ្តាល ធនធានមនុស្ស លើមុខជំនាញ គរុកោសល្យ ដែលរាជរដ្ឋាភិបាល បានដាក់ជូនតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ ដែលមានចំនួន ១.៥០០នាក់ គឺជាធនធានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៍ជាតិ ស្របតាមយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល និងសម្រាប់បំពេញ តម្រូវការ ចាំបាច់ដល់ គ្រប់គ្រឹះស្ថាន ដែលស្ថិតនៅក្រោមដំបូល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបន្តថា វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស គឺជាគ្រឹះស្ថានជាតិ ដែលមានវ័យចំណាស់ ជាងគេនៅកម្ពុជា ក្នុងចំណោម គ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនានា ពោលគឺ វិទ្យាស្ថាននេះ ត្រូវបានបើក បណ្តុះបណ្តាល មុខជំនាញបច្ចេកទេស វិជ្ជាជីវៈ តាំងពីអំឡុងទសវត្សឆ្នាំ១៩៦០មក។ ចាប់តាំងពីឆ្នាំ២០០៤ វិទ្យាស្ថាននេះ ត្រូវបានផ្ទេរពី ក្រសួងអប់រំ យុវជន និងកីឡា ឲ្យស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក បានបន្តថាវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស បានបណ្តុះបណ្តាលនិស្សតិ រាប់ពាន់នាក់បន្ថែមទៀត ឲ្យមានជំនាញ សម្រាប់ផ្គត់ផ្គង់ដល់ ទីផ្សារពលកម្ម រួមទំាងបានចូលរួម ចំណែកដល់ការងារ សង្គមជាច្រើន។ ជាការពិតណាស់ ដែលថាការអប់រំមនុស្ស មានការលំបាក ហើយត្រូវការភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ធ្វើជាគំរូល្អ របស់គេតំាងពីអាកប្បកិរិយា ការនិយាយស្តី និងការប្រព្រឹត្តផ្សេងៗ។

គួរជម្រាបថា ក្នុងពិធីប្រកាសនោះ ក៏មានការសម្តែង របាំប្រពៃណី ចម្រៀង ដែលសំដែង ដោយគរុសិស្ស និង និស្សិតរបស់ វិទ្យាស្ថាន NTTI ជូនភ្ញៀវទស្សនា ហើយនៅបញ្ចប់កម្មវិធី ក៏មានការទទួលអាហារ សាមគ្គីផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល