បណ្តាញសង្គម

រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់ ស្ពានពីរទៀត ឆ្លងកាត់ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម

ភ្នំពេញ ៖ ស្ពានចំនួនពីរទៀត ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងធ្វើការសាងសង់ នាពេលឆាប់ៗ ខាងមុខនេះ ដោយស្ពានទីមួយ ឆ្លងកាត់ទន្លេមេគង្គលើ និងស្ពានមួយទៀត  ឆ្លងកាត់ទន្លេមេគង្គក្រោម តភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ខេត្ដកណ្ដាល ។

យោងតាមប្រភពពី មន្ដ្រីរាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោងសាងសង់ស្ពាន ទាំងពីរខ្សែ ខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ទៅឱ្យ ក្រុមហ៊ុនប្រទេសចិន ជាអ្នកសិក្សា និងរៀបចំសាងសង់ ក្នុងនោះ ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេមេគង្គលើ ត្រង់ចំណុច សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារឆ្ពោះ ទៅកាន់ ឃុំស្វាយជ្រុំ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ដែលគេអះអាងថា អាចធ្វើ ការសាងសង់ ខាងរាជ ធានីភ្នំពេញអាចស្ថិត នៅត្រង់ចំណុចផ្លូវកែវចិន្ដា ខាងកើតអាង ទឹកជ្រោយចង្វារ ទៅភ្ជាប់នឹងភូមិស្វាយាំ ជ្រុំ ត្រង់ចំណុចផ្លូវកំពង់ដស្វាយជ្រុំ ។ ចំណែក ស្ពានមួយខ្សែទៀត ត្រូវបានរាជរដ្ឋាភិបាលគ្រោងកសាង ឆ្លងកាត់ទន្លេមេគង្គក្រោមពី ទឹកដីសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ទៅភ្ជាប់នឹងឃុំអរិយ ក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ដែលទំនងកសាង នៅត្រង់ចំណុចភូមិក្ដីតាកុយ ឆ្ពោះមកកាន់ភូមិវត្ដ ខ្សាច់ ឃុំអរិយក្សត្រ ។

ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមថា គម្រោងការស្ថាបនាស្ពានពីរខ្សែ ឆ្លងកាត់ ទន្លេមេគង្គលើ និងទន្លេ មេគង្គក្រោមខាង លើនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលចុះ ហត្ថលេខារួចហើយ ដោយប្រគល់ទៅឱ្យ ក្រុមហ៊ុនចិន ដែលមានឈ្មោះសាជីវកម្ម សំណង់ស្ពានថ្នល់ចិន ។ ប៉ុន្ដែ គេនៅមិនទាន់ ដឹងថា គម្រោង សាងសង់ស្ពានខាងលើត្រូវ បានក្រុមហ៊ុនសិក្សារួចហើយ ឬក៏នៅ នៅឡើយនោះទេ ។

សូមបញ្ជាក់ថា ប្រសិនបើស្ពានពីរខ្សែ ខាងលើនេះ ត្រូវបានរដ្ឋាភិបាលកសាង ហើយ នោះនឹងផ្ដល់ភាព ងាយស្រួលសម្រាប់ ធ្វើដំណើរ ជាពិសេសអ្នកធ្វើដំណើរចូលមក រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៦ អា ក្នុងទិសដៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ១ គឺមិន ចាំបាច់បើកឆ្លងកាត់រាជធានីភ្នំពេញនោះទេ អាច បើកឆ្លងកាត់ស្ពាន ទាំងពីរខ្សែខាងលើ នេះ តែម្ដង មិនតែប៉ុណ្ណោះ អ្វីដែលសំខាន់ នោះ នឹងធ្វើឱ្យដីធ្លីនៅ ក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម មានហាងឆេងខ្ពស់ ជាពិសេសដី របស់ក្រុមហ៊ុនធំៗ ដែល ប្រមូលទិញទុកតែម្ដង ៕