បណ្តាញសង្គម

សម័យ​ប្រឡង​បាក់​ឌុប ​លើក​ទី២ សម្រាប់ឆ្នាំ២០១៤នេះ នឹងធ្វើ​ឡើង​ នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ខាងមុខនេះ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន បានប្រកាសអោយដឹង នៅថ្ងៃចន្ទ នេះថា សម័យប្រឡងឡើងវិញ សម្រាប់អ្នកធ្លាក់បាក់ឌុប ឆ្នាំ២០១៤នេះ អាចនឹងរៀបចំឡើង នៅចុងខែកញ្ញា ឬដើមខែតុលា ខាងមុខនេះ។ ការប្រកាសរបស់ ឯកឧត្តម រដ្ឋមន្ត្រីអប់រំ បានធ្វើឡើងក្រោយពេល សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកាលពីព្រឹកថ្ងៃទី១០ ខែសីហានេះ ពីលទ្ធភាព បើកអោយមាន ការប្រឡងឡើងវិញ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំថ្មី ហង់ ជួន ណារ៉ុន បាននិយាយអោយដឹងថា ពិន្ទុវិញ្ញាសា វិទ្យាសាស្ត្រសង្គម មានលក្ខណៈខ្ពស់ គួរសម។ ប៉ុន្តែ ពិន្ទុវិញ្ញាសាវិទ្យាសាស្ត្រ ពិតមិនខ្ពស់ទេ។ ដូច្នេះ ប្រសិនបើអត្រា នៃអ្នកធ្លាក់ មានចំនួនច្រើនពេក លទ្ធភាពនៃការប្រឡើងវិញ សម្រាប់អ្នកធ្លាក់ នឹងត្រូវរៀបចំឡើងវិញ នៅចុងខែកញ្ញា ឬដើមខែសីហា ខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានពន្យល់ថា សម័យប្រឡងលើកទី២ របៀបនេះ ធ្លាប់បានអនុវត្តរួចហើយ កាលពីទសវត្សរ៍៦០ ក្នុងពេលដែល ការប្រឡងកាលនោះ មានលក្ខណៈតឹងរឹងបំផុត។ ឯកឧត្តម រដ្ឋមន្ត្រីអំពាវនាវអោយ សិស្សដែលដឹងថា ខ្លួនឯងអាចធ្លាក់ សូមចាប់ផ្តើមរៀន បណ្តើរៗ ដើម្បីអាចត្រៀម សម្រាប់ការប្រឡងឡើងវិញ នៅពេលដ៏ខ្លីខាងមុខនេះ។ សិស្សប្រមាណជា ជិត១០ម៉ឺននាក់ បានចូលរួមសម័យ ប្រឡងបាក់ឌុប កាលពីថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤កន្លងមក។

កាលពីឆ្នាំ២០១៣កន្លងមក សិស្សបាក់ឌុប ប្រមាណជាជាង៨០% បានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ។ តែសម្រាប់ឆ្នាំនេះ ការប៉ាន់ស្មាន របស់គ្រូកំណែមួយចំនួន បានអះអាងថា សិស្សដែលប្រឡង ជាប់បាក់ឌុប នៅឆ្នាំនេះ ស្ថិតក្នុងអត្រា ក្រោម២០% ។ ទាក់ទងទៅនឹងសម័យ ប្រឡងឡើងវិញនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន ឯករាជ្យកម្ពុជា បានប្រតិកម្ម ប្រឆាំងថា សំណើររបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួន ណារ៉ុន ធ្វើឡើងតាមតែ ការនឹកឃើញ ពោលគឺមិនបានធ្វើតាម គោលការណ៍នោះទេ៕