បណ្តាញសង្គម

៨ ចំណុច​របស់​រដ្ឋមន្ត្រី​កសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ខណៈ​ប្រទេស​ជួប​វិបត្តិ​កូ​វី​ដ​-១៩

រាជធានីភ្នំពេញ ៖ យោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មក សិកម្មរួមមានការចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឲ្យបាន គ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះត្រូវបង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាបិទការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងកិច្ចប្រជុំតាមដាន និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសេចក្តីណែនាំ និងដើម្បីប្រ មូលយក ធាតុចូលសំខាន់ៗដែលអង្គភាពក្រោមឱវាទបាននិងកំពុងអនុវត្តសម្រាប់អគ្គនា យកដ្ឋានកសិកម្ម (ផលិតកម្មស្រូវ និងដំណាំ) អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ (ចិញ្ចឹមសត្វ) និងរដ្ឋបាលជលផល (វារីវប្បកម្ម) កាលពីថ្ងៃទី ២៤ខែមេសានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ ឬបានផ្តល់ អនុសាសន៍សំខាន់ៗប្រមាណ ៨ ចំណុចដើម្បីធានាសន្តិសុខស្បៀងខណៈប្រទេសជួប វិបត្តិជំងឺកូវីដ-១៩ ។

ដើម្បីចូលរួមទទួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង ក្នុងបរិបទដែលប្រទេសយើង កំពុងជួបវិបត្តិកូវីដ-១៩ លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់អនុសាសន៍សំខាន់ៗមួយ ចំនួនបន្ថែមទៀត ក្រៅពីសេចក្តីណែនាំកន្លងមកដែលរួមមាន ៖

ទី ១ ក្រៅពីការធ្វើប្រពល វប្បកម្មដំណាំស្រូវ ការធ្វើពិពិធកម្មដំណាំសំខាន់ៗមួយចំនួនគួរគិតផងដែរនូវការដាំបន្លែ អតិផលជុំវិញផ្ទះ និងចិញ្ចឹមសត្វ ដើម្បីបង្កើនចំណូល ធានាសន្តិសុខស្បៀង បង្កើតឱកាស ការងារ និងកាត់បន្ថយផលវិបាករបស់ប្រជាជនក្នុងកាលៈទេសៈនេះ ។

ទី ២ ប្រើប្រាស់នូវនវានុវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីឲ្យកសិករអាចគ្រប់គ្រងផលិតកម្មបាន ។

ប្រើប្រាស់បច្ចេកវិទ្យាដែលប្រើប្រាស់ទឹកតិច គិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រ ទ្រង់ក្រោយពេលប្រមូលផល (មានជម្រុក បច្ចេកទេសថែរក្សា និងការកែច្នៃជាដើម) ។

រើសទីតាំងផលិតកម្មជិតប្រភពទឹក ដើម្បីរៀបចំឯកសារដាក់ជូន «មូលនិធិអគ្គិសនីភាវូប នីយកម្មជនបទ» ទទួលបានការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ការបូមទឹកនៅពេលយប់ ។

ទី ៣ ជ្រើសរើសសហគមន៍ដែលមានសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងផលិតកម្ម បន្លែទ្រង់ទ្រាយធំ រៀបចំផែនការផលិត និងផ្គត់ផ្គង់ឲ្យស្របតាមតម្រូវការទីផ្សារ ។

បង្កើត បណ្ដាញទីផ្សារដើម្បីផ្សាភ្ជាប់អ្នកទិញ និងសហគមន៍ផលិត ក្នុងទិសដៅធ្វើឲ្យមាននិរន្តរ ភាពនៃការផ្គត់ផ្គង់ទីផ្សារតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ។

ទី ៤ ដោះស្រាយឲ្យមានប្រសិទ្ធភាព នូវសេចក្តីត្រូវការទាំងឡាយរបស់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅទីជនបទដូចជាការបណ្តុះបណ្តាលបច្ចេសកសិកម្ម ការអភិវឌ្ឍសហគមន៍ ការ លើកកម្ពស់កិច្ចការដាំដុះជាលក្ខណៈគ្រួសារ ការផ្តល់គ្រាប់ពូជ ជី ការបង្កើតធនាគារស្រូវ សហគ្រាសធុនតូចផ្នែកកសិ-ឧស្សាហកម្ម និងការកែលម្អវិធីផ្សព្វផ្សាយព័ត៌មានកសិកម្ម ឲ្យដល់ភូមិ-ឃុំ ។

លើកទឹកចិត្តកសិករ អ្នកចំណាកស្រុកដែលវិលមកកម្ពុជាវិញ និងកម្មករ ដែលបាត់បង់ការងារឲ្យធ្វើកសិកម្មចម្រុះ (ការចិញ្ចឹមមាន់ ត្រី និងដាំបន្លែ) ។

ទី ៥ ត្រូវជំរុញការធ្វើពហុវប្បកម្មដំណាំចម្រុះ ការធ្វើដំណាំឆ្លាស់ និងជំរុញដំណាំកសិ-ឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ ការបង្កើតសិប្បកម្មតូចៗ និងឧស្សាហកម្មនៅមូលដ្ឋានដើម្បី បង្កើនតម្លៃបន្ថែម និងប្រាក់ចំណូល ។

ជំរុញការដាំបន្លែ និងឈើហូបផ្លែដើម្បីធានាការហូប ចុកក្នុងស្រុក និងជាជំហានៗឈានទៅជំនួសបន្លែនាំចូល ។

ជំរុញការចិញ្ចឹមសត្វ និងវារីវ ប្បកម្មតាមគ្រប់រូបភាព ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទានពិសេស ៥០ លានដុល្លាររបស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

ករណី នេះ អគ្គនាយកដ្ឋានពាក់ព័ន្ធត្រូវជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យកសិករ និងសហគមន៍ កសិកម្មអាចខ្ចីប្រាក់នេះបានយកមកប្រើប្រាស់ដើម្បីបង្កើនផលិតកម្មរបស់ខ្លួនកាន់តែរីកចម្រើនទ្វេរទៀត ។

ទី ៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ ត្រូវសហការឲ្យបាន សកម្មក្នុងការពង្រឹងរចនាសម្ព័ន្ធសហគមន៍កសិកម្ម ភ្នាក់ងារពេទ្យសត្វភូមិ សហគមន៍ព្រៃ ឈើ និងសហគមន៍នេសាទ ។

គ្រប់អង្គភាពត្រូវគិតគូរបន្ថែមទៀតអំពីការប្រើប្រាស់ថវិកា ឲ្យបានសមស្របទៅ តាមអាទិភាពនៃសកម្មភាពដែលបានរៀបចំក្នុងផែនការថវិកាឆ្នាំ ២០២០ នេះក្នុងស្មារតីសន្សំសំចៃខ្ពស់ ។

ត្រូវត្រៀមរៀបចំលក្ខណ:សម្បត្តិឲ្យបានគ្រប់ គ្រាន់ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផលឆ្នាំ២០២០-២០២១ ឲ្យបានទាន់ពេលវេលា ។

 

ទី ៧ អគ្គនាយកដ្ឋានសុខភាពសត្វ និងរដ្ឋបាលជលផល ត្រូវសហការធ្វើការជាមួយវិស័យ ឯកជន ក្នុងការផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងត្រីធានាទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនផលិតភាពផលិតកម្ម ជាពិសេសបង្កើនដៃគូរជាមួយកសិករ ។

ទី ៨ អង្គភាពអគ្គនាយកដ្ឋានទាំង ៣ រួមទាំងមន្ទីរទាំង ២៥ រាជធានី-ខេត្ត ត្រូវសហការ ទប់ស្កាត់ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងបើកឱ កាសឲ្យផលិតករក្នុងស្រុក ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីណែនាំចំនួន ៤ ដើម្បីឲ្យ អង្គភាពជំនាញ អង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរយកទៅអនុវត្តឲ្យបានទាន់ពេលវេលា ដែលសេចក្តីណែនាំទី ១ លេខ ១៣២ ចុះថ្ងៃទី ២៦ខែមីនា ស្តីពី «ការអនុវត្តវិធាន ការឆ្លើយ តបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍនានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃ ជំងឺកូវីដ-១៩» ។

ទី ២ លេខ ១៥២ ចុះថ្ងៃទី ៣ខែមេសា ស្តីពី «វិធានការជំរុញការងារបង្ក បង្កើនផលកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ ២០២០- ២០២១» ។

ទី ៣ លេខ ១៥៩ ចុះថ្ងៃទី ៩ខែមេសា ស្តីពី «ការពិនិត្យសន្និធិស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃជំងឺកូវីដ- ១៩» និងទី ៤ លេខ ១៦០ ចុះថ្ងៃទី ១០ខែមេសា ស្តីពី «វិធានការបន្ទាន់ដើម្បីដោះស្រាយ បញ្ហានៃការធ្លាក់ចុះថ្លៃផលិតផលផ្លែស្វាយ» ៕

ដកស្រង់ពី៖ កោះសន្តិភាព