បណ្តាញសង្គម

រដ្ឋមន្ដ្រីសុខាភិបាល៖ អគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈកម្ពស់១១ជាន់ សាងសង់បាន៦០% គ្រោងបញ្ចប់នៅឆ្នាំ២០២២ នឹងជួយឆ្លើយតបតម្រូវថែទាំសុខភាពពលរដ្ឋ

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសូងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណ៨២លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ ដែលនឹងជួយលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋ កាន់តែប្រសើរបន្ថែមទៀត។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់របស់អគារថ្មីនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «គម្រោងមន្ទីរពេទ្យដ៏ធំមួយនេះ បានដំណើរការសាងសង់បានយ៉ាងរលូនតាំងពីចាប់ផ្ដើម រហូតមកដល់ពេលនេះ ពេលរួចរាល់នឹងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ សម្រាប់ពិនិត្យព្យាបាល និងឆ្លើយតបទៅនឹងកំណើន និងតំរូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋ»។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងបន្ដថា «សម្ធិផលនានាកន្លងមកនេះរបស់វិស័យសុខាភិបាល រួមទាំងអគារថ្មីនេះ គឺក្រោមការផ្ដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែលើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាលយើងនៅទូទាំងប្រទេស មានភាពកក់ក្ដៅ ។

ក្រោមការជម្រុញលើកទឹកចិត្ដរបស់ សម្ដេចតេជោ មន្ដ្រីរបស់យើង នឹងបន្ដខិតខំប្រឹងប្រែងបន្ដទៀតដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង»។

អគារមន្ទីរពេទ្យថ្មីនេះ ត្រូវសាងសង់មានកម្ពស់៥៣ម៉ែត្រ មាន១១ជាន់ មានបំពាក់នូវ ឧបករណ៍វេជ្ជសាស្ដ្រ និងសម្ភារបរិក្ខារផ្សេងៗព្រមទាំងការបណ្ដុះបណ្ដាល សម្រាប់ អាយុកាលនៃការប្រើប្រាស់៥០ឆ្នាំ, សម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា, ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ អនុវត្តតាមស្ដង់ដាប្រទេសចិន ស្របតាមស្ថានភាពជាក់ស្ដែង, បន្ទប់សរុប១៣២បន្ទប់, បង្គន់អនាម័យ២១៩បន្ទប់ និងទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណជិត៨០លានដុល្លារអាមេរិក ។

អគារនេះ ក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។

សូមជម្រាបថា ដើម្បីឆ្លើយតបទៅនឹងកំណើន និងតំរូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋ ដែលចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងស្នើសុំទៅរដ្ឋាភិបាល

នៃសាធារណរដ្ឋប្រជាមានិតចិន និងបានទទួលការយល់ព្រមសិក្សាពី គម្រោងនាចុងឆ្នាំ២០១៥កន្លងទៅ ហើយបានចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន លើការសាងសង់អគារមិត្ដភាពកម្ពុជា-ចិននៃមន្ទីរពេទ្យព្រះកុសុមៈ នៅខែដើមខែមករា និងបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News