បណ្តាញសង្គម

ចិញ្ចឹម​ត្រឹមមួយ​​ក្រពះ​! លី​អីវ៉ាន់​ឡើង​ភ្នំ​ត្បែង​​ជាង​១​ពាន់​កាំ​ក្នុង​១​ថ្ងៃ​រក​ត្រឹម​៤​ទៅ​​៦​​ម៉ឺន​រៀល

រាជធានីភ្នំពេញ ៖ មហាជនមួយចំនួនធ្លាប់ស្គាល់ហើយថា ផ្លូវជណ្តើរឡើងទៅកាន់ភ្នំត្បែង ដែលជាភ្នំដែលមានសក្តានុពលលើវិស័យទេសចរណ៍ សម្បូរទៅដោយធនធានជីវចម្រុះ ធនធានធម្មជាតិ កន្លែងកម្សាន្តទឹកធ្លាក់ ទេសភាពព្រៃព្រឹក្សាស្រស់បំព្រង និងមានទីអារ៉ាមនៅទីនោះផង ស្ថិតក្នុងភូមិសាស្ត្រ ភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចម្ងាយពីទីប្រជុំជនក្រុងព្រះវិហារ ប្រមាណជា២០គីឡូម៉ែត្រ តាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅខេត្តកំពង់ធំ ។ ភ្

នំត្បែង លាតសន្ធឹងនៅក្នុងស្រុកក្រុងចំនួន៥ នៃខេត្តព្រះវិហារ មានដូចជា ស្រុកត្បែងមានជ័យ ក្រុងព្រះវិហារ ស្រុកសង្គមថ្មី ស្រុករវៀង និងស្រុកគូលែន ។

នៅទីតាំងជណ្តើរឡើងពីជើងភ្នំត្បែងមានប្រជាពលរដ្ឋមិនច្រើនទេ ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកចំណាកស្រុក មកពីខេត្តនានាក្នុងប្រទេសកម្ពុជា បានមកប្រកបរបរ លក់ដូរ នំចំណី ភេសជ្ជៈ សម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកាន់ទីនោះ ដើម្បីឡើងទៅ លេងកម្សាន្តខ្នងភ្នំត្បែង ។

ការធ្វើដំណើរឡើងភ្នំត្បែង គឺអាចទៅបានដោយថ្មើរជើងតែប៉ុណ្ណោះ មិនអាចប្រើមធ្យោបាយ យានយន្ត ទៅកាន់ខ្នងភ្នំនេះបានឡើយ ដោយអ្នកដំណើរចំណាយពេលយ៉ាងតិច២ទៅ៣ម៉ោង ទើបទៅដល់ខ្នងភ្នំ ហើយពួកគេឆ្ពោះទៅកាន់ទឹកធ្លាក់ធម្មជាតិនៅទីនោះ

ក្រៅពីដំណើរកម្សាន្តទៅទឹកធ្លាក់រួចមក ពួកគេតែងតែធ្វើដំណើរចូលទៅកាន់ទីអារ៉ាមមួយកន្លែងដែលបង្កើតឡើងជាច្រើនឆ្នាំមកហើយ ហៅថាវត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ដែលប្រជាជននៅខេត្តព្រះវិហារ តែងមានជំនឿ និងគោរពបូជា ចំពោះវត្ថុស័ក្តិសិទ្ធិនៅលើខ្នងភ្នំត្បែងនេះ និងមានពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស តែងតែឡើងមកធ្វើបុណ្យទាននៅទីនោះទៀតផង ។

អ្វីដែលគួរឲ្យមានការចាប់អារម្មណ៍ចំពោះការធ្វើដំណើរឡើងទៅកាន់ខ្នងភ្នំត្បែងនេះ គេឃើញមានប្រជាជនសុទ្ធសឹងជាអ្នកចំណាកស្រុកទីទ័លក្រ បានមកប្រកបរបរ ជញ្ជូន លីសែងអីវ៉ាន់ឡើងខ្នងភ្នំត្បែងជាច្រើននាក់ ដោយជញ្ជូនទំនិញគ្រប់បែបយ៉ាង រួមទាំងមនុស្សផងដែរ ដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

ថ្មីៗនេះអ្នកសារព័ត៌មានយើងបានទៅដល់ជើងភ្នំត្បែង នឹងបានជួបជាមួយបងប្អូនអ្នកជញ្ជូនអីវ៉ាន់ឡើងភ្នំ ដោយយុវជនម្នាក់ឈ្មោះ សេម សុង អាយុ២៨ឆ្នាំ រស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា លោកបានចាកចេញពីស្រុកកំណើតមកស៊ីឈ្នួលលីលោកថា

អីវ៉ាន់ដែលត្រូវលីសែងឡើងមានដូចជា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ក្រៅពីនេះក៏មានគ្រឿងសំណង់ដូចជា ឥដ្ឋ ស៊ីម៉ង់ត៍ ដែក ម៉ូតូ គោយន្ត និងសែងមនុស្សផងដែរ ក្នុងមួយថ្ងៃបាន២ទៅ៣ជើងប៉ុណ្ណោះ អាចរកចំណូលបានថ្ងៃខ្លះចាប់ពី៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀលតែប៉ុណ្ណោះ។

លោកបន្តទៀតថា ហើយតម្លៃគឺទៅតាមស្ថានភាពទំនិញ ដោយក្នុងមួយការ៉ុង(បាវ) ដូចជាស៊ីម៉ង់ត៍ ឥដ្ឋ ភេសជ្ជៈជាដើម ដែលមានទម្ងន់ក្រោម៥០គីឡូក្រាម បានកម្រៃ២ម៉ឺនរៀល ចំពោះម៉ូតូសែងឡើងលើខ្នងភ្នំ ត្រូវប្រើមនុស្សចំនួន៤នាក់ ក្នុងម្នាក់ទទួលបានកម្រៃ២ម៉ឺនរៀលដែរក្នុង១ជើង

ដោយឡែកចំពោះភ្ញៀវដែលមកកម្សាន្តមិនមានកម្លាំងក្នុងការដើរឡើងអាចជួលឲ្យពួកគេសែងបាន ដោយប្រើមនុស្ស៤នាក់ដាក់លើអង្រឹងដើម្បីសែង ក្នុងមនុស្សម្នាក់សែងឡើងចុះបានកម្រៃ៤០ម៉ឺនរៀល រីឯគោយន្តដែលសែងឡើងលើត្រូវដោះគ្រឿងជាបំណែកៗ ដោយប្រើមនុស្សច្រើន ដើម្បីសែងឡើង ទើបយកទៅដល់លើកំពូលភ្នំ ។

សែងអីវ៉ាន់ឡើងភ្នំ ដើម្បីបានកម្រៃចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

លោកបន្តថា នៅលើខ្នងភ្នំត្បែង ក្រៅពីវត្តអារ៉ាមក៏នៅមានប្រជាជនខ្លះបានទៅរស់នៅលើនោះប្រកបរបរលក់ដូរភេសជ្ជៈនៅទីនោះ ដោយឡែកការជញ្ជូនសម្ភារៈសំណង់ឡើងទៅលើខ្នងភ្នំត្បែង សម្រាប់ការសាង់សង់សំណង់ព្រះវិហារ និងសំណង់ផ្សេងៗក្នុងទីអារ៉ាមវត្តដំបូកខ្មៅ ។

នៅពេលទៅដល់ខ្នងភ្នំត្បែងនោះ អ្នកមានម៉ូតូ ឬគោយន្តអាចបើកបរនៅលើនោះផ្ទាល់ពីវត្តដំបូកខ្មៅ ឆ្ពោះទៅវត្តថ្មបីដុំ តាមផ្លូវថ្មីជើងដូចគ្នាដែរ ។

យុវជនរូបនោះបានបញ្ជាក់ថា ការលី ឬសែងអីវ៉ាន់ឡើងខ្នងភ្នំត្បែង មិនមានជារៀងរាល់ថ្ងៃនោះទេ ថ្ងៃខ្លះមាន ថ្ងៃខ្លះអត់ ហើយក្នុងមួយថ្ងៃ ប្រសិនបើមានទំនិញអាចជញ្ជូនឡើងបានតែ២ជើង ឬ៣ជើងតែប៉ុណ្ណោះ ព្រោះត្រូវប្រើកម្លាំងច្រើនណាស់ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កន្លែងទេសចរណ៍ធម្មជាតិលើខ្នងភ្នំត្បែង កំពុងមានការទាក់ទាញ និងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាក្រុមបានឡើងទៅបោះតង់ស្នាក់នៅលេងកម្សាន្តជាហូរហែទាំងរដូវប្រាំង និងរដូវវស្សា ជាពិសេសនៅពេលមានរដូវធ្លាក់ខ្យល់រំហើយជាដើម

តាមជណ្តើរថ្មី ដែលមានចំនួន១០៩២កាំ ដែលជណ្តើរថ្មនេះ សាងសង់ឡើងកាលពីអំឡុងឆ្នាំ២០០៥ ហើយដើមឡើយកាលពីមុនឆ្នាំ២០០៥ អ្នកធ្វើដំណើរឡើងទៅកាន់ខ្នងភ្នំនេះ អាចធ្វើដំណើរឡើងតាមចំរ៉ាក់ថ្ម ឬកាត់តាមព្រៃ តោងវ័ល្លិ៍ តែប៉ុណ្ណោះ ។

ភ្នំត្បែងនេះ ត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់បេតិកភណ្ឌភ្នំត្បែង បង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។

តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ២ម៉ឺន៥ពាន់ហិកតា។

ក្រៅពីតំបន់ទេសចរណ៍ដែលឡើងតាមជណ្តើរថ្មចំនួន១០៩២កាំនេះ នៅមានកន្លែងកម្សាន្តបែបទេសចរណ៍ធម្មជាតិដទៃទៀត នៅលើខ្នងភ្នំត្បែងមួយនេះ ដូចជាតំបន់ទឹកធ្លាក់តាំងយូរ ចាក់អង្រែ និងកន្លែងកម្សាន្តបែបធម្មជាតិផ្សេងៗទៀត

ហើយក៏ជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និងការគោរពបូជារបស់អ្នកខេត្តព្រះវិហារផងដែរ។ Facebook

ដកស្រង់ពី៖ Fresh News