បណ្តាញសង្គម

ការ​ប្រលងបាក់​ឌុប ​លើក​ទី​២ មាន​បេក្ខជន​ចូលរួមប្រលង ​ចំនួន​ជាង ​៦៨០០០​នាក់ ដំណើរការ​ និង​នីតិវិធី​នៃ​ប្រលង ​ធ្វើ​ដូច​ការ​ប្រលង​ លើក​ទី​១​ដែរ​

ភ្នំពេញ៖ ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប លើកទី២ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ មានបេក្ខជន ចូលរួមប្រលង ចំនួនជាង ៦៨០០០នាក់ ចែកចេញជា ១១៧មណ្ឌល ស្មើនឹង ២៧៥២បន្ទប់ ។

បើតាម លោក រស់ សាលីន អ្នកនាំពាក្យ ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងកាល ពីថ្ងៃទី០៦ ខែតុលានេះ ថាប្រលងបាក់ឌុបលើកទី ២នេះ ក្រសួងរៀបចំ នៅថ្ងៃទី១៣ ខែតុលា ខាងមុខនេះ ហើយដំណើរការ និងនីតិវិធី នៃប្រលង គឺធ្វើដូចកាល ប្រលងលើក ទី១អញ្ចឹងដែរ ដោយមាន អង្គភាព ប្រឆាំងអំពើ ពុករលួយ ចូលរួមសង្កេតការណ៍ ដោយក្នុងមួយមណ្ឌល ដាក់កំលាំង ពី០២-០៣នាក់ ។

លោក បានបន្តថា រហូតមកដល់ ពេលនេះ អង្គភាពប្រឆាំង អំពើពុករលួយ នៅបន្តទទួល ពាក្យចូលរួម សង្កេតការណ៍ របស់និស្សិតនិងអង្គការ សង្គមស៊ីវិល នានានៅឡើយ ។

កន្លងមក មានពាក្យ ចចាមអារាម មួយចំនួន បានលើកឡើងថា ប្រលងលើកទី២នេះ ក្រសួងអប់រំយុវជន និងកីឡា មិនគិតពី និទ្ទេសទេ ហើយសញ្ញាបត្រ វិញក៏មិនឲ្យ តំលៃស្មើ នឹងការប្រលងលើកទី ០១ដែរ ។

ពាក់ព័ន្ធនឹង បញ្ហានេះដែរ លោក រស់ សាលីន បានពន្យល់ថា « ប្រលង លើកទី២នេះ មិនមានអ្វី ប្រែប្រួលទេ ពោលគឺ គិតទៅតាមពិន្ទុដែល បក្ខជនម្នាក់ៗ ធ្វើបាន បើបេក្ខជន ណាធ្វើបានពិន្ទុបាន ៩០ភាគរយ គ្រប់មុខវិជ្ជា ( ពិន្ទុប្រហែល ៤៣០ពិន្ទុ ឬក្រោមនេះ ) អាចជាប់និទ្ទេស Aដូច ប្រលងទី១ដែរ ហើយបេក្ខជន បានពិន្ទុក្រោមពីនេះ អាចទទួលបាន និទ្ទេស B,C,D,E ព្រោះពិន្ទុ ដែលបេក្ខជនប្រលងជាប់ មានចំនួន ២៣៧ពិន្ទុ »

លោក បានបន្ថែមថា ចំណែកឯសញ្ញាបត្រ វិញគឺសំរាប់ បេក្ខជនខុសគ្នា ត្រង់តែ ថ្ងៃខែប៉ុណ្ណោះ ដូចជាបេក្ខជន ប្រលងជាប់ លើកទី១ក្រសួងដាក់ថា សញ្ញាបត្រមធ្យម សិក្សាថ្ងៃទី០៤ ខែសីហា និងបេក្ខជន ប្រលងជាប់លើកទី២ ដាក់ថាសញ្ញាបត្រ មធ្យមសិក្សា ថ្ងៃទី១៣តុលា។

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ លើកទី១ បានប្រព្រឹត្តិ ទៅនាសម័យប្រឡង ថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០១៤ ដោយមាន បេក្ខជន ចូលរួមប្រលង សរុបចំនួន ៩៣៤៥៦នាក់ ចែកចេញជា ១៥៤មណ្ឌល ក្នុងនោះថ្នាក់ វិទ្យាសាស្ត្រ ១៤០មណ្ឌល និងថ្នាក់ វិទ្យាសាស្ត្រសង្គម ១៤មណ្ឌល ស្មើនឹង ៣៧៧៩បន្ទប់ ។

ជាលទ្ធផល មានបេក្ខជន ចំនួន ២៣.១២៦នាក់ ប្រឡងជាប់ ត្រូវជា ២៥,៧២ភាគរយ ក្នុងនោះមានជាប់ និទ្ទេស A ចំនួន ១១នាក់ និងនិទ្ទេស B ៦៨ នាក់ ។

ប្រលង បាក់ឌុបលើកទី១ មានបេក្ខជន ដែលបានប្រព្រឹត្ត ខុសឆ្គង ក្នុងដំណើរការ ប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយ ភូមិសម័យប្រលងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ កន្លងមកនេះ សរុបចំនួន ២១នាក់ មកពីរាជធានី ខេត្តចំនួន៩ ក្នុងនោះ នៅខេត្ត បាត់ដំបង មានច្រើនជាងគេ ។

យោង តាមសេចក្តី ជួនដំណឹង របស់ក្រសួង អប់រំយុវជន និងកីឡា ចុះថ្ងៃទី០៣ ខែតុលា ដែលចុះហត្ថលេខា ដោយលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានឲ្យដឹងថា បេក្ខជនដែល ប្រព្រឹត្តខុសឆ្គង នៅពេលប្រលង ថ្ងៃទី០៤ ខែសីហាកន្លងមកមាន ចំនួន ២១នាក់ មកពីរាជធានី ខេត្តចំនួន៩ ក្នុងនោះ ខេត្តបាត់ដំបង មានចំនួន ៥នាក់ បេក្ខជន អាចចូលរួម ប្រលងលើក ទី០២ មានតែម្នាក់ទេ រីឯ ៤នាក់ ទៀតហាម មិនឲ្យចូលរួម ប្រលង រយៈពេល មួយឆ្នាំ ។

ខេត្តតាកែវ ចំនួន៤នាក់ អាចប្រលងលើកទី២បាន ។ រាជធានីភ្នំពេញមាន ២នាក់ អាចប្រលងលើកទី ២បាន។ ខេត្តកណ្តាលមាន២នាក់ តែហាមមិនឲ្យ ចូលរួមប្រលងរយៈពេល ២ឆ្នាំ ។ ខេត្តក្រចេះ មានម្នាក់ប្រលងលើកទី ២បាន ខេត្តកំពត ម្នាក់អាចប្រលងលើកទី ២បាន ខេត្តកំពង់ស្ពឺ ម្នាក់ប្រលងលើកទី២បាន ខេត្តស្វាយរៀងមាន ៣នាក់ តែហាមមិនឲ្យចូលរួម ប្រលងរយៈពេល២ឆ្នាំ និងខេត្តរតនគីរីមាន ២នាក់ ដកបេក្ខភាព មិនឲ្យប្រលង តែម្តង៕

Pisey-06-10-14-full-M

ដកស្រង់ពី៖ កម្ពុជាថ្មី