បណ្តាញសង្គម

អ្នកតំណាង​រាស្ត្រ​វ័យក្មេង​លើក​ឡើង​ពី​ការ​លំបាក​យ៉ាងច្រើន​របស់​គ្រូបង្រៀន​ក្នុង​​សម័យ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ៖ ដោយសារតែវិបត្តិវីរុសឆ្លងកូវីដ ១៩ កម្ពុជារួមទាំងប្រទេសជាច្រើនលើពិភពលោកបានធ្វើកិច្ចការជាច្រើនក្នុងការរក្សាគម្លាតសុវត្ថិភាព ក្នុងនោះវិធានការមួយក្នុងចំណោមវិធានការជាច្រើនគឺការសម្រេចបិទទ្វារសាលារៀនបណ្តោះអាសន្នត ដើម្បីអនុវត្តនូវវិធានការការពារការឆ្លងនិងការរីករាលដាលនៃជំងឺឆ្លងមួយនេះ ហេតុដូច្នេះហើយការសិក្សាត្រូវធ្វើតាមរបៀបថ្មី គឺការសិក្សាតាមអនឡាញផង និងមានគ្រូៗនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជាបានចុះបង្រៀនសិស្សតាមសហគមន៍ផងដែរ ។

ជាក់ស្តែង ក្នុងដំណើរបេសកកម្មរបស់គណៈកម្មការទី៧ នៃរដ្ឋសភា ដែលមានតំណាងរាស្ត្រវ័យក្មេង គឺលោក ហ៊ុន ម៉ានី បុត្រាមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោកបានមើលឃើញនូវការលំបាកជាច្រើននិងការលះបង់ដ៏ធំធេងរបស់គ្រូបង្រៀននៅសម័យកាលកូវីដ ១៩ ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថាលោកពិតជាមានក្តីរំភើបក្រោយបានស្តាប់ការលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលពួកគាត់បានចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ដើម្បីបង្រៀនដល់សិស្សានុសិស្ស ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ១៩ នាពេលកន្លងមក និងពេលនេះ។

លោក ហ៊ុន ម៉ានី បានបន្តថា «ក្នុងបរិបទកូវីដ១៩នេះ វិស័យអប់រំរបស់យើងបានរងការប៉ះពាល់ ដែលទាមទារឱ្យលោកគ្រូ អ្នកគ្រូ បង្កើតវិធីសាស្ត្របង្រៀនបែបថ្មី ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាបន្តបន្ទាប់ បន្ថែមពីអ្វីដែលធ្លាប់អនុវត្តកន្លងមក » ។

សមាជិកសភាមកពីគណបក្សប្រជាជនរូបនេះបានបន្តថា បើយោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំក្រុង ស្រុក និងគណៈគ្រប់គ្រងសាលាតាមបណ្តាខេត្តនីមួយៗ ខណៈដែលសាលារៀនត្រូវបានបិទ «លោកគ្រូអ្នកគ្រូ បានខិតខំរិះរកគ្រប់មធ្យោបាយថ្មីៗ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមមានការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ការបង្រៀនតាមអនឡាញ និងការចុះបង្រៀនតាមបណ្តុំខ្នងផ្ទះ» ។

ទន្ទឹមនេះ ដើម្បីធានាថាសិស្សានុសិស្សអាចទទួលបានការអប់រំប្រកបដោយសមធម៌ លោកគ្រូ អ្នកគ្រូខ្លះបានធ្វើដំណើរចុះផ្ទាល់ទៅកាន់សហគមន៍ ទោះជួបការលំបាកដូចជាស្ថានភាពផ្លូវរអិលពេលភ្លៀង និងផ្ទះដែលមានឆ្កែកាច

ដើម្បីយកក្រដាសមេរៀន កិច្ចការលំហាត់ ចែកដល់សិស្សានុសិស្ស ហើយខ្លះទៀតបានចុះទៅផ្ទះរបស់សិស្សផ្ទាល់ ដើម្បីផ្សព្វផ្សាយណែនាំពីគោលការណ៍របស់ក្រសួងអប់រំ និងស្នើសុំការសហការពីអាណាព្យាបាលក្នុងការជំរុញកូនៗឱ្យខិតខំរៀនសូត្រពីចម្ងាយ។

ទឹកចិត្ត និងកាយវិការនេះ ពិតជាបានឆ្លុះបញ្ចាំងពីសមាណចិត្ត និងមនសិការបស់គ្រូបង្រៀន បើទោះបីជាស្ថានភាពណាក៏ដោយ ក៏ពួកគាត់មិនបោះបង់សិស្សានុសិស្សឡើយ។

លោកក៏បានបន្ថែមថា «ខ្ញុំផ្ទាល់ សូមថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមក ហើយខ្ញុំសង្ឃឹមថាលោកគ្រូ និងអ្នកគ្រូ និងបន្តអនុវត្តស្របតាមក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានានិរន្តភាពនៃការអប់រំ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ជាកម្លាំងបន្តវេននៅថ្ងៃអនាគត» ៕

ដកស្រង់ពី៖ កោះសន្តិភាព