បណ្តាញសង្គម

ទូត​ជប៉ុន​កោតសរសើរ​វិធា​ន​ការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូ​វីដ​-១៩

ភ្នំពេញៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអ៊ីត សំហេង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអ៊ីត សំហេង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ឆ្លើយតបចំពោះការសរសើរនេះលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដោយសារបច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍និងវិស័យមួយចំនួនទៀតនៅកម្ពុជាជួបប្រទះនូវវិបត្តិមួយចំនួន។

ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់វិធានការដែលមកដល់ពេលនេះបានទម្លាក់កញ្ចប់វិធានការទី៦ហើយដើម្បីដោះស្រាយផលប៉ះពាល់ជូនកម្មករនិយោជិតនិយោជកនិងប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិតដែលព្យួរការងារនិងបាត់បង់ការងារដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និងស្វែងរកបាននូវឱកាសការងារថ្មី។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះភាគីជប៉ុនដែលបានយកចិត្តទុកដាក់ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាតឱ្យចេញចូលជប៉ុនតាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ។

តាមគ្រោងទុកកម្ពុជានឹងបញ្ជូនសិក្ខាកាម និងកម្មករជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗនៅពេលដែលភាគីទាំងពីរឯកភាពនូវមធ្យោបាយនិងនីតិវិធីក្នុងការធានាឱ្យបាន នូវការឆ្លងវីរ៉ុសកូវីដ-១៩៕

ដកស្រង់ពី៖ រស្មីកម្ពុជា