បណ្តាញសង្គម

បក្ស​កាន់​អំណាច​ផ្អាក​ធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល និង​ផ្អាក​ធ្វើ​មី​ទ្ទីង

រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចប្រមាណជា៣០ឆ្នាំមកនេះ បានប្រកាសផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០ និងផ្អាកការធ្វើមីទ្ទីង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ ៧ មករា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងពេញសកលលោក ។

 

យោងតាមសេចក្ដីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០២ បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលជូន សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលទាំងអស់ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់បានជ្រាបអំពីការប្រារព្ធពិធីប្រចាំឆ្នាំរបស់គណបក្សនៅពេលខាងមុខនេះដូចតទៅ ៖

ទី១-ត្រូវផ្អាកការធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលនៅដំណាច់ឆ្នាំ២០២០នេះសិន ប៉ុន្តែនៅពេលនោះគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនឹងរៀបចំនូវឯកសារ «របាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១» ដើម្បីផ្ញើជូនឱ្យគណបក្សគ្រប់ថ្នាក់ចាត់ចែង រៀនសូត្រ ផ្សព្វផ្សាយ និងអនុវត្តភារកិច្ចបន្តទៀត ។

និងទី២-ត្រូវផ្អាកការជួបប្រជុំមីទ្ទិញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃទិវាជ័យជម្នះ៧មករា ដែលត្រូវធ្វើនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះសិន ប៉ុន្តែគ្រប់ថ្នាក់ត្រូវត្រៀមរៀបចំ Logog បដាពាក្យស្លោក។ល។ ដាក់តាំងនៅតាមទីតាំងនានា ដើម្បីអបអរសាទរដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជាតែងតែប្រារព្ធពិធីខួបមីទ្ទីងជារបស់ខ្លួន ដោយមានការចូលរួមពីសមាជិកសមាជិកាជាច្រើននាក់នៅទីលានកោះពេជ្រ ៕

ដកស្រង់ពី៖ កោះសន្តិភាព