រាជធាភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យតែងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែនចេញផ្សាយកាល ពីថ្ងៃទី២ តុលា ឆ្នាំ២០២០ ហើយទើបចេញផ្សាយជាសាធារណៈនៅថ្ងៃទី៧ តុលា បានសម្រេចតែងតាំងលោក ឌឹម នី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកោះញែកខេត្តមណ្ឌលគិរី ។
សូមជម្រាបការតែងតាំងអភិបាលស្រុកកោះញែកនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ អតីតអភិបាលស្រុកកោះញែក បានធ្វើឡើង បន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ។
សូមរំលឹកថា កាលពីថ្ងៃទី២២ កក្កដា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួងមួយចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅខេត្តមណ្ឌលគិរី ។
ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យ ជាប់ពាក់ព័ន្ធជាមួយ មន្ត្រីនៅក្នុងខេត្តមណ្ឌលគិរី ៕
ដកស្រង់ពី៖ កោះសន្តិភាព