បណ្តាញសង្គម

លោក វ៉ា​ត់ ចំរើន ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​ដល់​គ្រូ​គុន​ល្បុក្កតោ​ក្មេង​វត្តថា​ន់

រាជធានីភ្នំពេញ ៖ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី៧ តុលា បានធ្វើការព្រមានទៅដល់គ្រូគុនល្បុក្កតោក្មេងវត្តថាន់ ឆន ច័ន្ទវិរៈ ហៅគ្រូអាថាន់ ដែលថ្លើមធំហ៊ានប្រកាសនៅក្នុងគេហទំព័ររបស់ខ្លួនជាសាធារណៈទៅដល់សិស្សគុនដែលបានហាត់រៀនជាមួយខ្លួនកន្លងទៅទាំងនៅក្នុងស្រុកនិងក្រៅស្រុក ឱ្យប្ដូរឈ្មោះពីល្បុក្កតោទៅជា«បុក្កតោ»វិញ។

នៅក្នុងគេហទំព័រដែលមានឈ្មោះល្បុក្កតោក្មេងវត្តថាន់ លោក ឆន ច័ន្ទវិរៈ ហៅគ្រូអាថាន់បានសរសេរថា«សូមជំរាបសួរពុកម៉ែបង ប្អូនក្នុងស្រុកនិងក្រៅស្រុក និងកូនសិស្សនៅក្រៅប្រទេសនិងក្នុងប្រទេសដែលបានហាត់រៀនក្បាច់គុនចេញពីខ្ញុំ សូមប្ដូរពាក្យ«ល្បុក្កតោ»

ឱ្យទៅជា«បុក្កតោ»វិញ ខ្ញុំនឹងធ្វើការកែប្រែទាំងនៅក្នុងផេក ឡូហ្គោ ហ្វេសប៊ុក យូធូប ទីកតុក Page Logo Facebook YouTube ។សូមមេត្តាជ្រាបពីខ្ញុំឆន ច័ន្ទវិរៈ ហៅគ្រូអាថាន់ (28-09-2020)។»

បានធ្វើការព្រមានភ្លាមៗដើម្បីឱ្យមានការកែសម្រួលវិញជាបន្ទាន់ ដោយលោកបានចោទថា នេះជាទង្វើវិទ្ធង្សនាវប្បធម៌ និងយុទ្ធគុនដែលជាអត្តសញ្ញាណរបស់ជាតិ ព្រលឹងជាតិដែលត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះបញ្ជីជាបេតិភណ្ឌរួចហើយនូវពាក្យ«ល្បុក្កតោ«និងមានកំណត់ត្រានៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ទៀតផង ។

ពិសេសក៏បានដាក់សំណើទៅក្នុងបញ្ជីបេតិកភណ្ឌ អរូបីរបស់មនុស្សជាតិនៃអង្គការUNESCOរួចហើយ ។

ដូច្នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នឹងត្រៀមចាត់វិធានការតាមផ្លូវច្បាប់ទៅដល់ក្លិបមួយនេះ ។

គួររំលឹកផងដែរថា លោក ឆន ច័ន្ទវិរៈគ្រូបង្ហាត់ក្លិបល្បុក្កតោក្មេងវត្តថាន់មួយនេះធ្លាប់បានប្រកាសជាសាធារណៈរួចម្ដងមកហើយថាក្លិបរបស់ខ្លួនមិនបានចំណុះឱ្យសហព័ន្ធមួយណានោះទេ គឺឯករាជខ្លួនឯង ចេះក្បាច់ដោយខ្លួនឯង ៕

ដកស្រង់ពី៖ កោះសន្តិភាព