បណ្តាញសង្គម

អង្គការ​ទស្សនៈ​ពិភពលោក​បាន​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្មក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ។

ការលើកឡើងនេះធ្វើឡើង ខណៈពេលដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាត ឲ្យលោក Edward Danielraj Selvanayagam នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision) ដែលទើបទទួលតំណែងថ្មី ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ ។

មុនចាប់ផ្តើមជំនួបភាគីទាំងពីរក៏បានរឮកឡើងវិញ នូវអ្វីដែលជាអនុស្សាវរីយ៍ក្នុងការបង្កើតនូវមន្ទីពេទ្យកុមារជាតិនៅរាជធានីភ្នំពេញ និងការចូលរួមយ៉ាងសកម្មទៅលើការដោះ និងបោះសំអាតមីងនៅតំបន់ដែលទទួលរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា ។

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អង្គការទស្សនៈពិភពលោកបានចូលមកដល់កម្ពុជាអស់រយៈពេលយូរហើយ អង្គកាមួយនេះបានធ្វើសកម្មភាពមនុស្សធម៌តរៀងមក ។

អង្គការមានគោលដៅធំៗ ក្នុងកម្មវិធីបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គម្រោងលុបបំបាត់ពលកម្មកុមារផ្តល់អាហាររូបត្ថម្ភពាក់ព័ន្ធសុខភាព ការអប់រំ បង្កើតឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម ។

ការងារទាំងអស់នេះហើយដែលអង្គការបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រទៅដល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការនេះ នៅតែទទួលបានការគាំទ្រពីអ្នកផ្តល់ជំនួយពីបណ្តាប្រទេសផ្សេងៗ ដោយសារអង្គការនេះធ្វើការប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ហើយសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា រាប់ទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។

ដោយសារតែអង្គការនេះ បច្ចុប្បន្នបានរួមចំណែក ក្នុងការជួយគាំទ្រលើផលប៉ះពាល់នៃកូវីដ១៩ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងភាពជាដៃគូថា បន្ទាប់ពីនេះទៅនឹងរៀបចំយុទ្ធសាស្ត្រដើម្បីស្តារមកវិញនូវផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឱកាសទាំងអស់នេះអាចស្តារឡើងវិញបណ្តើរៗ ព្រោះថា ជំងឺកូវីដ១៩នេះ មិនដឹងថា ពេលណានឹងបាត់ទៅវិញនោះទេ ដែលធ្វើឱ្យយើងទាំងអស់គ្នារងទុក្ខលំបាក ទោះបីយ៉ាងណាក៏ដោយយើងនឹងរួមគ្នាសម្រេចឲ្យបាន ។

លោក Edward Danielraj Selvanayagam នាយក ប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision)បានថ្លែងអំណរ ដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យអង្គការទស្សនៈពិភពលោកចូលមកអនុវត្តកម្មវិធីមនុស្សធ៌មផ្សេងៗនៅកម្ពុជា ។

លោកនាយកប្រចាំប្រទេសរូបនេះ ពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយអង្គការក៏មានបំណងចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀត ។

ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គការទស្សនពិភពលោក ជាពិសេសរចនាសម្ព័ន្ធ គ្រប់គ្រងដឹកនាំរបស់អង្គការតែម្តង ខណៈដែលអង្គការនេះមានបុគ្គលិកបម្រើការងារសរុបប្រមាណ៦០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ និងមានសមត្ថភាពកាន់មុខតំណែងធំៗរួមទាំងនាយកប្រតិបត្តិផងដែរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពជាដៃគូ ជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត។ សូមជម្រាបថា ក្នុងឱកាសនោះ ខាងភាគីអង្គការទស្សនៈពិភពលោកក៏បានផ្តល់ជូនម៉ាសមួយចំនួន ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅការពារ និងទប់ស្កាត់ការឆ្លងរីករាលដានៃជំងឺកូវីដ១៩ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព