បណ្តាញសង្គម

ក្រុមហ៊ុនធំៗបី សហការគ្នាជំរុញ វិស័យទូរគមនាគមន៍ សេវាធានា រ៉ាប់រងអាយុជីវិតនិងសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិក

ភ្នំពេញ៖ ក្រុមហ៊ុនម៉ាកសញ្ញាធំៗចំនួនបីគឺ ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនអ៊ី-ម៉ាន់នីនិងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានរៀបចំកិច្ចព្រមព្រៀងរវាងគ្នាទៅវិញទៅមកលើវិស័យទូរគមនាគមន៍ សេវាធានារ៉ាប់រងអាយុជីវិតនិងសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិច។នេះគឺជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនមិត្តហ្វូនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយសហគ្រាសឯកជននិងនាយកដ្ឋាននានារបស់រដ្ឋាភិបាលដើម្បីបង្កើតនិងតភ្ជាប់សង្គមឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះដោយមានការចូលរួមពីលោក Phung Van Cuong នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន លោក Pham Doan Cuong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី និងលោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលកម្ពុជា។

ក្រុមហ៊ុនទាំងបី មានគោលដៅផ្តល់ជូននូវបទពិសោធន៍ល្អប្រសើរសម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់ដែលកំពុងប្រើប្រាស់សេវាកម្មធានារ៉ាប់រងនិងទាញយកអត្ថប្រយោជន៍ពីជីវិតឌីជីថល។

ជាពិសេសផ្តល់សេវាកម្មផ្ទាល់ខ្លួនទៅដល់អតិថិជនតាមវិធីទូទាត់តាម អនឡាញ និងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មធានារ៉ាប់រងតាមរយៈសេវាទូរគមនាគមន៍នៅកម្ពុជាផងដែរ។

សុមបញ្ជាក់ថា៖គោលបំណងនៃអនុស្សរណៈនេះគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍ក្រុមហ៊ុនកាបូបលុយអេឡិចត្រូនិក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។

អាស្រ័យហេតុនេះភាគីទាំងបី នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដោយនៅក្នុងនោះ ក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នីនឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជានូវសេវាកម្មទូទាត់តាមអនឡាញតាមរយៈកម្មវិធីអ៊ី-ម៉ាន់នីសម្រាប់អតិថិជនដែលទិញនិងប្រើប្រាស់សេវាកម្មធានារ៉ាប់រង និងការបង់បុព្វលាភធានារ៉ាប់រងតាមរយៈភ្នាក់ងារ អ៊ី-ម៉ាន់នីនៅទូទាំងប្រទេស។

ក្រៅពីនេះមិត្ដហ្វូននឹងផ្តល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជានូវសេវាកម្មផ្សេងៗដូចជា សេវាកម្មទូរស័ព្ទ Hotline (SIP TRUNK) សេវាកម្មអ៊ីនធឺណិត សេវាកម្ម ICT សេវា e-Connect សេវា SMS Brand-Name និងសេវាកម្មជាច្រើនទៀតជាមួយនឹងអត្រាតម្លៃ និងសេវាកម្មល្អ។បន្ថែមពីនេះទៅទៀតព្រូដិនសលកម្ពុជានឹងទទួលបានការផ្សាយពាណិជ្ជកម្មនៃសេវាកម្មធានារ៉ាប់រងរបស់ខ្លួនលើកម្មវិធីអ៊ី-ម៉ាន់នី និង MyMetfone App។

ចុងក្រោយ អតិថិជនមិត្តហ្វូនទាំងអស់នឹងទទួលបានការបើកម្មវិធី Pulse របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាដោយឥតគិតថ្លៃផងដែរ។

លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖“ពិតណាស់ “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” គឺជាទស្សនវិស័យរបស់មិត្តហ្វូនយើងជឿជាក់រួមគ្នាជាមួយតម្លៃស្នូលរបស់ព្រូដិនសល“ស្តាប់ យល់និងចែកចាយ” ក្រុមហ៊ុនទាំងបីនឹងផ្តល់នូវសេវាកម្មផ្ទាល់ខ្លួនប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតសម្រាប់ភ្ជាប់និងបម្រើជូនប្រជាជននូវភាពស្ងប់ស្ងាត់ និង ជួយពួកគេឱ្យមានសុខភាពល្អងាយស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ” ។

លោកបានបន្ថែមទៀតថា៖“កិច្ចសហប្រតិបត្តិការនេះបានបើកផ្លូវថ្មីនៃការទូទាត់សេវាកម្មធានារ៉ាប់រងដែលជាជំហានបន្ទាប់នៃការវិវត្តសម័យឌីជីថលរបស់យើងដោយមិត្តហ្វូននិងអ៊ី-ម៉ាន់នីធានាជូនក្រុមហ៊ុនព្រូដិនសលកម្ពុជាជាមួយនឹងបច្ចេកវិជ្ជាទំនើបចុងក្រោយដើម្បីបម្រើជូនអតិថិជន ជាមួយនឹងភាពសុខសាន្ត សុខភាពកាន់តែល្អ និងកាន់តែមានផាសុខភាពក្នុងជីវិត” ។

លោក Sanjay Chakrabarty នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងជួយជំរុញការវិវឌ្ឍនៃការធានារ៉ាប់រង និងសេវាកម្មសុខភាពនៅកម្ពុជាដូចដែលយើងខិតខំធ្វើឱ្យពួកគេអាចចូលរួមប្រើប្រាស់បាននិងមានតំលៃសមរម្យសម្រាប់គ្រួសារកម្ពុជាកាន់តែច្រើន។

ឥឡូវនេះអតិថិជនរបស់យើងអាចធ្វើការផ្លាស់ប្តូរគោលការរបស់ពួកគេដោយភាពងាយស្រួល កក់ក្តៅ និង សុវត្ថិភាពពីគេហដ្ឋានរបស់ពួកគេតែម្តង។

យើងក៏មានក្តីរំភើបជម្រាបជូនផងដែរ ចំពោះអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលនិងមិត្ដហ្វូនអាចទាញយកកម្មវិធី Pulse របស់ព្រូដិនសលកម្ពុជាបានពី App Store ឬ Google Play ដោយឥតគិតថ្លៃ” ៕

ដកស្រង់ពី៖ រស្មីកម្ពុជា