បណ្តាញសង្គម

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្ដិរបស់ព្រះអង្គ។

ក្នុងសារលិខិតរបស់ សម្តេច សាយ ឈុំ បានថ្វាយព្រះពរថា៖ «ក្នុងព្រះរាជឱកាសដ៏ឧត្តុង្គឧត្តម នៃព្រះរាជពិធីគម្រប់ខួប ១៦ ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតលំឱនកាយ វាចាចិត្ត ក្រាបបង្គំអភិវន្ទសម្ដែងថ្វាយ ព្រះសព្ទសាធុការពរជ័យ សិរីវឌ្ឍនា

មហាប្រសើរគ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស និងសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅប្រជានុរាស្ត្រទាំងអស់»។

នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាង ជ្រាលជ្រៅបំផុត ចំពោះព្រះរាជមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លា ដើម្បីបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងលើសកលលោក។

ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ

បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

ព្រមទាំងព្រះញាតិវង្សានុវង្ស សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរ ថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕ ខាងក្រោមនេះជាសារលិខិត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្វាយព្រះពរព្រះមហាក្សត្រ៖

ដកស្រង់ពី៖ Fresh News