បណ្តាញសង្គម

ករណី គង់ រ៉ៃ​យ៉ា​ និង​ប្រពន្ធ​ គេចវេស​មិន​​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​អាច​មាន​ទោស

រាជជធានីភ្នំពេញ ៖ ជុំវិញរឿងរ៉ាវកន្លងមកដែលលោក គង់ រ៉ៃយ៉ា និងភរិយា ដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយគេចវេសមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺអាចមានទោស ព្រោះការងារនេះ គឺជាការងារបច្ចេកទេសសុទ្ធសាធក្នុងការទប់ស្កាត់នូវការឆ្លង និងការរីករាលដាលនៃវីរុសកូវីដ ១៩ «មិនមែនដូចការចោទប្រកាន់ទៅជារឿងនយោបាយនោះទេ» ។

នេះបើតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០នេះ អាជ្ញាធរភ្នំពេញអះអាងថា ករណី២នាក់ប្តីប្រពន្ធ ដែលដំបូងបានគេចវេសមិនព្រមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺអាច «មានទោស»

តែអាជ្ញាធរបានអញ្ជើញទាំង២នាក់ប្តីប្រពន្ធនេះទៅធ្វើចត្តាឡីសក័រួចហើយដោយទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានធ្វើការងារនេះប្រកបដោយការទទួលខុសត្រូវបញ្ជៀសការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមរបស់បងប្អូន ដែលការងារនេះគឺជាបច្ចេកទេសសុទ្ធសាធមិនមែនដូចការចោទប្រកាន់ទៅជារឿងនយោបាយនោះទេ។

យ៉ាងណាមិញ អាជ្ញាធរសាលារាជធានីភ្នំពេញមិនបានបញ្ជាក់លម្អិតយ៉ាងណាទេ ជុំវិញរឿងថា «អាចមានទោស» នេះ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា ការគេចវេសមិនព្រមធ្វើចត្តាឡីស័ក គឺអាចមានទោស ។

គួររំលឹកថា ពីរនាក់ប្តីប្រពន្ធនោះ ប្តីឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ហើយបានមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ដោយមិនបានធ្វើតេស្តរកវីរុស្តកូវីដ-១៩ និងមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ

ទើបក្រុមការងារ អាជ្ញាធរក្រុងភ្នំពេញ និងមន្ត្រីសុខាភិបាលបានចុះទៅបានយក គង់ រ៉ាយ៉ា ទៅធ្វើចត្តាឡីស័ក កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូនេះ រួចបានអញ្ជើញពួកគាត់ទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កអោយបានត្រឹមត្រូវ ហើយក្រុមការងារសុខាភិបាល និងអាជ្ញាធរខណ្ឌ សង្កាត់ ក៏បានបាញ់ថ្នាំសម្លាប់មេរោគ តាមខ្នងផ្ទះ ដល់ផ្ទះដែលនៅជំវិញ ផ្ទះលោករ៉ៃយ៉ានេះផងដែរ ។

យ៉ាងណាមិញ កន្លងមក លោក គង់ រ៉ៃយ៉ា សកម្មជននយោបាយអតីតគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោកបារម្ភពីឆ្លងជំងឺកូវីដ១៩ ពេលធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។

ជាក់ស្តែងនៅក្នុងការផ្សាយតាមបណ្តាញសង្គម Facebook ពេលលោកបានទៅដល់មណ្ឌលសុខភាពកន្លែងដែលត្រូវធ្វើចត្តាឡីស័ក លោកគង់ រ៉ាយ៉ា បានសម្តែងការមិនពេញចិត្តចំពោះការដែលអាជ្ញាធរបាននាំលោកទៅធ្វើចត្តាឡីស័ក ជាមួយអ្នកជំងឺកូវីដ១៩នោះឡើយ។

លោកបានបារម្ភពីការឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺនៅទីនោះ។ លោកបានស្នើសុំឲ្យអាជ្ញាធរយកលោកទៅធ្វើចត្តាឡីស័កនៅកន្លែងផ្សេងដែលអាជ្ញាធរបានរៀបចំ។

ជាមួយគ្នានេះ សកម្មជននយោបាយរូបនេះ បានបដិសេធថា លោកមិនមែនទើបចូលមកកម្ពុជាពីប្រទេសថៃនៅប៉ុន្មានថ្ងៃនេះទេ គឺលោកបានមកដល់ស្រុកខ្មែរ តាំងពីដើមខែវិច្ឆិកាមកម៉្លេះ ៕

ដកស្រង់ពី៖កោះសន្តិភាព