បណ្តាញសង្គម

សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បង្ហាញសមិទ្ធផលការងារសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២០

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញសមិទ្ធផលការងារសំខាន់ៗ ដែលសមាគមរបស់លោកសម្រេចបាន នៅក្នុងឆ្នាំ២០២០។

ក្នុងឱកាសរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តនៅឆ្នាំ២០២១ នៅភោជនីយដ្ឋាន ដឺមីង លោក ជា ចាន់ដារ៉ា បានឲ្យដឹងថា សមិទ្ធផលការងារសំខាន់ៗ ដែលសមាគមបាន នៅក្នុងឆ្នាំ២០២០ រួមមាន៖

១៖ នៅថ្ងៃទី២៤ខែតុលា ឆ្នាំ ២០២០ មានការចុះអនុស្សារណៈនៃការយោគយល់រវាង សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងក្រុមហ៊ុន ស៊ុបភើអេប តិចណូឡូជី ម.ក ជាមួយស្តីពីការជំរុញវិស័យដឹកជញ្ជូនតាមរយៈ ទីផ្សារអនឡាញរបស់ក្រុមហ៊ុនស៊ុបភើអេប តិចណូឡូជី ម.ក។

២៖ សមាគមពាណិជ្ជករ ដឹកជញ្ជូនទំនិញ បានបង្កើតវេបសាយនៅដើមខែតុលា ឆ្នាំ២០២០ ហើយបានដាក់ឲ្យដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០២០។

៣៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អាមេរិក-អឺរ៉ុប របស់ប្រទេសចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជំរុញឲ្យមានទំនាក់ទំនង ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដោយពិធីចុះ MoU នេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ អនឡាញ។

៤៖ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៉ី (ADB) បានធ្វើបទបង្ហាញរបស់សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ក្នុងវគ្គសិក្ខាសាលាស្តីពី ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ឋអេឡិចត្រូនិច (Pilot Training on Guiding Cambodia's E-Commerce Sucess) នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២០ ពេលរសៀលកន្លងទៅនេះ។

៥៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងសកលវិទ្យាល័យ AeU ប្រទេសម៉ាឡេស៉ី បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ឋអនឡាញ ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ កម្ពុជា-ម៉ាឡេស៉ី ដើម្បីពង្រឹងវិស័យឡូជីស្ទីកតាមរយៈវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ឋអនឡាញក្នុងឆ្នាំ២០២១។

លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា សកលវិទ្យាល័យ AeU ជាសកលវិទ្យាល័យដ៏ល្បីនៅប្រទេសម៉ាឡេស៉ី ដែលបណ្តុះបណ្តាលជំនាញជាច្រើន និងសហការជាមួយសកលវិទ្យាល័យចក្រភពអង់គ្លេសដោយមាន ២៤ សាខា ទាំងក្នុង និង ក្រៅប្រទេសទៀតផង។ លោកបន្តថា ក្នុងកិច្ចប្រជុំថ្ងៃនោះ រួមមាន៖

* ផ្លាស់ប្តូរចំណេះដឹងក្នុងវិស័យដឹកជញ្ជូនរវាងសមាគម និង សកលវិទ្យាល័យ Aeu ម៉ាឡេស៉ី។

* បញ្ចូលកម្មវិធីសិក្សាក្នុងទម្រង់តែមួយ និងផ្តល់លទ្ឋភាពឲ្យសិស្សានុសិស្សនៃប្រទេសទាំង២ សិក្សាស្វែងយល់។

* ណែនាំអំពីកំពង់ផែ ប្រព័ន្ឋគ្រប់គ្រង ដឹកជញ្ជូន ឃ្លាំងទំនិញហាឡោះ (Halal) របស់ប្រទេសម៉ាឡេស៉ី និងគម្រោងសហប្រតិបត្តិការនាពេលអនាគត។

* រៀបចំព្រៀងលិខិតចុះអនុស្សារណៈ រវាងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និង សកលវិទ្យាល័យ Aeu ម៉ាឡេស៉ី។

* និងស្នើឲ្យមានធ្វើទស្សនកិច្ចរវាងភាគីទាំង២ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

 

បើតាមលោក ជា ចាន់ដារ៉ា, រាល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា របស់សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកន្លងមកនេះ និងផែនការបន្តសម្រាប់ឆ្នាំក្រោយៗ

សុទ្ឋសឹងតែត្រូវបបានចូលរួមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដែលបានធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើនពី១ឆ្នាំទៅមួយឆ្នាំកន្លងមក និងនាពេលអនាគត។

«ខ្ញុំសូមកោតសសើរនៃកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិការទាំងអស់ដែលបានចំណាយកម្លាំង ពេលវេលា រួមទាំងថវិកា ដោយទឹកចិត្តស្មោះស ជួយសមាគមកន្លងមក ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សមាជិកទាំងអស់បានបង្ហាញពីការចែករំលែក និងជួយដល់សង្គមយ៉ាងធំធេងដែលមិនអាចកាត់ថ្លៃបាន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា ចាន់ដារ៉ា៕

ដកស្រង់ពី៖ Fresh News