បណ្តាញសង្គម

វ៉ាក់សាំង​កូ​វី​ដ​១៩ ៖ ប្រធាន CVEA រំពឹង​ថា ​ឆ្នាំ​២០២១​វិនិយោគិន​បរទេស​នឹង​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ឡើង​វិញ

រាជធានីភ្នំពេញ ៖ ដោយសារតែការមើលឃើញថាមានប្រទេសជាច្រើនបាននឹងកំពុងចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ ១៩ ហាក់មានចំនួនច្រើនឡើងៗ ជាពិសេសកម្ពុជាក៏នឹងទទួលបានជំនួយវ៉ាក់សាំងនាខែកុម្ភៈដ៏ខ្លីខាងមុខនេះពីមហាមិត្តចិន ធ្វើឲ្យអ្នកជំនាញខាងអចលទ្រព្យបង្ហាញនូវក្តីរំពឹងថាវិស័យអចលទ្រព្យនឹងមានទឹកមាត់លេបឡើងវិញឆាប់ៗ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) បានបង្ហាញក្តីរំពឹងថាវិនិយោគិនបរទេសនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគជាពិសេសក្នុងវិស័យអចលនទ្រព្យ ដែលបានធ្លាក់ចុះពេញមួយឆ្នាំទៅហើយ នោះ ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តថា អំឡុងខែ កក្កដា ឬខែសីហា ឆ្នាំនេះ នៅពេលវ៉ាក់សាំងត្រូវបានចាក់ជូនពលរដ្ឋកាន់តែច្រើននៅលើពិភពលោក ពេលនោះវិនិយោគិនបរទេសនឹងអាចធ្វើដំណើរទៅវិនិយោគនៅក្រៅប្រទេសឡើងវិញហើយពេលនោះដែរ កម្ពុជាក៏រំពឹងថានឹងទទួលបានវិនិយោគិនបរទេសថ្មី ៗចូលមកបណ្ដាក់ទុនវិនិយោគលើវិស័យអចលនវត្ថុផងដែរ ។

អ្នកជំនាញរូបនេះបានបន្តថា « វិនិយោគិនមុននឹងគេទៅប្រទេសណាមួយគេត្រូវមើលសិនថា តើប្រជាជនប្រទេសនោះ បានចាក់វ៉ាក់សាំងជូនពលរដ្ឋហើយឬនៅ ហើយបើសិនជាយើងបានចាក់រួចហើយនោះ វិនិយោគិនគេអត់ខ្លាចនឹងមកប្រទេសយើងទេ » ។

លោកបានបន្ថែមថា យ៉ាងណាក្ដី ទោះបីវ៉ាក់សាំងបានចាក់ទៅពលរដ្ឋហើយក្ដី ក៏វិនិយោគិននៅតែមិនទាន់ទុកចិត្តភ្លាមៗដែរគេត្រូវរង់ចាំមើលសិនពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះ ដោយប្រើពេលយ៉ាងណាស់ក៏៣ទៅ៦ខែដែរ ។

បន្ទាប់ពីរយៈពេលនោះ បើសិនជាវ៉ាក់សាំងមានប្រសិទ្ធភាព នោះវិនិយោគិននឹងចាប់ផ្ដើមជាមួយនឹងគម្រោងថ្មីៗ ដើម្បីបំពេញទៅតាមតម្រូវការនៃទីផ្សារអចលនទ្រព្យ ។

លោកបន្ថែមទៀតថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នត្រូវបានមើលឃើញ មានការរីកសាយភាយទៅកាន់តំបន់ថ្មីៗ និងរីកស្ទើរតែគ្រប់ទិសនៃរាជធានីភ្នំពេញ ។

នៅតាមបណ្ដោយផ្លូវជាតិលេខ១ ដែលជាតំបន់ជាប់មាត់ទន្លេ ត្រូវបានចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍជាតំបន់លំនៅឋាន ។

នៅតាមផ្លូវជាតិលេខ៥ និងលេខ៦ ក៏ជាតំបន់ជាប់មាត់ទន្លេដែរ ហើយក៏កំពុងមានការអភិវឌ្ឍជាតំបន់លំនៅឋានដូចគ្នា ។

ក្រៅពីការអភិវឌ្ឍលំនៅឋាន តំបន់ពាណិជ្ជកម្ម ក៏ត្រូវបានមើលឃើញថាកំពុងទទួលបានការអភិវឌ្ឍយ៉ាងសកម្មផងដែរ ។

លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ផងដែរថា សក្ដានុពលក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជានៅតែមានឱកាសខ្ពស់

ដោយតម្រូវការលំនៅឋាននៅតែមានខ្ពស់ទាំងលំនៅឋានដែលមានតម្លៃខ្ពស់ និងលំនៅឋាន តម្លៃសមរម្យ ជាក់ស្ដែងលំនៅឋាននៅតម្លៃសមរម្យរបស់ក្រុមហ៊ុនមួយចំនួនដែលបានអភិវឌ្ឍន៍ហើយនោះ គឺមានការគាំទ្រពីសំណាក់ប្រជាពលជាច្រើនផងដែរ ។

លោកបានបន្តថា បើទោះបីមានការអភិវឌ្ឍលំនៅឋានពីសំណាក់ក្រុមហ៊ុនជាច្រើនហើយក្តី តែតម្រូវការនៃផ្នែកនេះក៏នៅតែមានដដែល ហើយទាមទារឱ្យមានការអភិវឌ្ឍបន្ថែមទៀត ដោយសារតែកំនើនពលរដ្ឋនៅរាជធានីភ្នំពែញ

បានកើនឡើងពីមួយឆ្នាំៗទៅមួយឆ្នាំ ជាក់ស្ដែងសិស្សនិស្សិតដែលពីបណ្ដាខេត្តចូលមកសិក្សានៅភ្នំពេញមានជារៀងរាល់ឆ្នាំហើយក្នុងបរិមាណរាប់ម៉ឺននាក់ ។

ក្នុងចំណោមសិស្សនិស្សិតទាំងនោះ មានខ្លះក៏ជួលផ្ទះហើយអ្នកខ្លះ ដែលឪពុកម្ដាយមានជីវភាពធូរធាក៏បានទិញផ្ទះនៅភ្នំពេញ ដើម្បីកូនស្នាក់នៅជាដើម ។

តាមរបាយការណ៍របស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ការវិនិយោគអចលនទ្រព្យពីសំណាក់បរទេសនៅក្នុងប្រទេសកម្ពុជា

គឺមានការធ្លាក់ចុះយ៉ាងខ្លាំងនិងជាទំហំមួយមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព