បណ្តាញសង្គម

សហគមន៍នេសាទ ក៍អាចរកប្រាក់​ពីវិស័យទេសចរណ៍បានដែរ

បច្ចុប្បន្នសហគមន៍នេសាទចំនួន ១៣១ ក្នុងចំណោមសហគមន៍នេសាទទាំងអស់៥១៦ នៅក្នុងប្រទេសកម្ពុជា មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជា ចម្បង។

នេះបើតាមការឲ្យដឹងរបស់លោករដ្ឋមន្រ្តីក្រសួងកសិម្ម រុក្ខាប្រមាញ់និងនេសាទ។ លោកវេង សាខុន រដ្ឋមន្រ្តីកសិកម្មបានថ្លែងនៅក្នុងវេទិការជាតិអេកូទេសចរណ៍លើកទី២កាលពីថ្ងៃទី២៧មករានៅខេត្តសៀមរាបថាក្នុងចំណោមសហគមន៍១៣១ដែលមានសក្តានុពលនោះ សហគមន៍នេសាទចំនួន ២៧

បាននិងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង ៩ខេត្ត រួមមានខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និងខេត្ត កោះកុង។

“ដោយឡែក យើងបង្កើតសហគមន៍ព្រៃឈើនៅទូទាំងប្រទេសសរុបចំនួន ៦៣៨ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម

ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ”នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន។

បើតាមលោករដ្ឋមន្រ្តី ក្រៅពីសហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន១ ១៩០ និងសហភាពសហគមន៍កសិកម្មចំនួន១១ ដែលសុទ្ធតែមានសក្តានុពលសម្រាប់បង្កើតជាតំបន់កសិ-ទេស ចរណ៍នាពេលអនាគត។

ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ bបានរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ ដោយមានមន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងភាគីពាក់ព័ន្ធជាច្រើនចូលរួមនៅលើទឹកដីអង្គរដោយមានក្រុមការងារអន្តរក្រសួង មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានចូលរួម។

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូល ដោយផ្ទាល់ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ។

បើតាមលោករដ្ឋមន្ត្រី តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុង គួរឲ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ កន្លងមក។

កម្ពុជាត្រូវគេមើលឃើញថាមានសក្តានុពលធម្មជាតិជាច្រើនដូចជាទន្លេ ព្រែក ស្ទឹង ភ្នំ ជ្រោះ ដែលអាចកែច្នៃជាតំបន់ទេចរណ៍បានក្រៅពីប្រាសាទបុរាណនោះ។ ប៉ុន្តែការកែច្នៃធម្មជាតិ ទៅជាសហគមនទេសចរណ៍ ជួបការលំបាកដូចជាគ្មានអ្នកដឹកនាំ គ្មានធនធានថវិកា ឬការមិនទាន់យល់ដឹងរបស់ពលរដ្ឋជាដើម។

នៅក្នុងវេទិកាលើកទី២នេះ លោក ថោង ខុន បានស្នើអង្គវេទិកាបន្តយកចិត្តទុកដាក់ ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យ ដែលមានលក្ខណៈសត្យានុម័តក្នុងការអភិវឌ្ឍសហគមន៍

ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ ដែលមានសក្តានុពល៕

ដកស្រង់ពី៖ កោះសន្តិភាព