បណ្តាញសង្គម

កម្ពុជាទទួលជំនួយឥតសំណង ២៨លានដុល្លារពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនដល់ប្រជាជន ១.៥ លាននាក់

(ភ្នំពេញ)៖ កម្ពុជា និងអូស្ត្រាលី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៧ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែក ក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលីនេះ អាចនឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជាប្រមាណ ១,៥ លាន នាក់។

ការរួមចំណែកនេះ នឹងជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័ស នូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជាឱ្យបាន ៨០% នៃចំនួនប្រជាជនសរុប។

ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាជនកម្ពុជា និងមួយចំនួនតូចនឹងត្រូវប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបែងចែក

និងគ្រប់គ្រងវ៉ាក់សាំង, ធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង, និងដើម្បីធានាថា ប្រជាជនកម្ពុជាអាចទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការនៃការចាក់វ៉ាក់សាំងបង្ការនេះ។

លោក ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា ក្នុងនាមជាអ្នកជិតខាង និងជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រកម្ពុជាក្នុងគ្រាលំបាកនេះ។

អូស្ត្រាលីទទួលស្គាល់ថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើគ្រប់គ្នាមិនទាន់មាន សុវត្ថិភាព ហើយការគាំទ្ររបស់អូស្ត្រាលីនឹងការជួយដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនប្រជាជន កម្ពុជាបានយ៉ាងហោចណាស់ចំនួន ១.៥ លាននាក់ និងការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការ សុខភាពពិភពលោក នៅកម្ពុជា។

លោកបន្តថា ដ្បិតកម្ពុជាបានចៀសផុតនូវផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក៏ដោយការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជានកម្ពុជាឱ្យបានទូទាំងប្រទេស នៅតែជាកត្តាដ៏សំខាន់ក្នុងការទប់ស្កាត់ និងបង្ការការរាលដាលនៃជំងឺកូវីដ-១៩ នាពេលអនាគត និងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលី ដែលឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់របស់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

យើងខ្ញុំសូមសារទររដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីចំពោះស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះរួមគ្នា ដែលនាំឱ្យយើងអាចស្តារសេដ្ឋកិច្ច និងវិបុលភាពរបស់យើងទាំងអស់គ្នាឡើងវិញ»។

អគ្គបណ្ឌិតសភាចារ្យបន្តថា ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ គឺជាជំនួយដែលបន្ថែមលើជំនួយអភិវឌ្ឍន៍ចំនួន ៦៦ លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៥០ លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាលអូស្ត្រាលី នឹងផ្តល់ជូនកម្ពុជាក្នុងឆ្នាំ ២០២១ ស្ថិតក្រោម

ផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ កម្ពុជា-អូស្ត្រាលី ដែលបានប្រកាសដាក់ឱ្យអនុវត្តការជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា ការផ្តល់មូលនិធិសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍជាប្រចាំរបស់យើង នឹងផ្តោតលើការគាំទ្រដល់ការឆ្លើយតប ផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាទៅនឹងជំងឺរាតត្បាត ហើយការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ នឹងបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ គឺជាការបង្ហាញជាថ្មី អំពីការប្តេជ្ញាចិត្តដ៏យូរអង្វែង និងការគាំទ្រប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាលអូស្ត្រាលី ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងអនាគតដ៏រុងរឿងរបស់កម្ពុជា។

ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អូស្ត្រាលីសម្រាប់កម្ពុជានេះ ជាការបំពេញបន្ថែមលើជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលកម្ពុជានឹងទទួលបានពី COVAX ដែលគ្រោងសម្រាប់ ២០%នៃប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ។

រដ្ឋាភិបាលអូស្ត្រាលី ក៏បានរួមចំណែកផ្តល់មូលនិធិដល់ COVAX ដែរ៕

ដកស្រង់ពី៖ Fresh News