បណ្តាញសង្គម

ចតុមុខ ជាសាលារៀនគំរូ ក្នុងការ​អនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសថា សាលាបឋមសិក្សាចតុមុខ ក្នុងរាជធានីភ្នំពេញ ជាសាលារៀនគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ។

ពិធីប្រកាសនេះ នឹងប្រារព្ធឡើង នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ ក៏បានលើកឡើងថា នៅឆ្នាំសិក្សា ១៩៧៩-១៩៨០ សាលាបឋមសិក្សាចតុមុខ ជាសាលារៀនដំបូងគេ ដែលបានបើកបវេសនកាលជាប្រវត្តិសាស្ត្រ ដើម្បីប្រមូលសិស្សានុសិស្ស ចូលរៀនវិញ ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩។

ក្នុងឆ្នាំសិក្សា ២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសាលារៀននេះ ដើម្បីអនុវត្តសកម្មភាពសិក្សាគ្រប់ជ្រុងជ្រោយមុនគេ ស្របតាមយុទ្ធសាស្ត្រទាំង ៩ ដែលបានចែងក្នុងគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សា។

គោលនយោបាយសុខភាពសិក្សា ត្រូវបានក្រសួងអប់រំ លើកបង្ហាញនូវគោលការណ៍ ៤ ចំណុច រួមមាន៖ ១.ផ្ដល់សេវាថែទាំសុខភាពចាំបាច់ដល់សិស្សានុសិស្ស និស្សិត គរុសិស្ស គរុនិស្សិត បុគ្គលិកអប់រំ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដើម្បីធានាបាននូវសមធម៌ក្នុងការអភិវឌ្ឍន៍ផ្នែកសម្បទា បញ្ញាស្មារតី និងសង្គម។

២.ផ្ដល់ការអប់រំសុខភាព និងផ្ដោតលើការប្រាស្រ័យទាក់ទងដែលនាំឱ្យមានការផ្លាស់ប្ដូរ ការ ប្រព្រឹត្ត គឺជាសមាសភាគដ៏សំខាន់បំផុតក្នុងការផ្ដល់ព័ត៌មាន ចំណេះដឹង បំណិន និង បម្រែបម្រួលឥរិយាបថ ទំនួលខុសត្រូវដើម្បីទទួលបានសុខភាព និងសុខសុវត្ថិភាព។

៣.លើកកម្ពស់បរិស្ថានសិក្សានិងសម្ភារៈ រូបវន្តផ្នែកសុខភាពឱ្យសមស្របតាមស្ថានភាពជាក់ស្ដែង តាមកាលៈទេសៈទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ ធានាឱ្យមានប្រសិទ្ធភាព និងគុណភាពអប់រំ។

៤. បើកទូលាយឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន គ្រប់ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលលើផ្នែក សុខភាពសិក្សា គឺជាការចាំបាច់ដើម្បីធ្វើឱ្យសាលារៀន សហគមន៍ និងទីសាធារណៈផ្សេងៗ មានអនាម័យ សោភណភាព សុវត្ថិភាព និងផាសុកភាព៕

ដកស្រង់ពី៖ កោះសន្តិភាព