បណ្តាញសង្គម

ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ នៅក្នុងខេត្ត​ប៉ៃលិន ត្រូវបានអភិបាលខេត្ត ដោះ​ស្រាយ​បញ្ចប់ តាមនយោបាយ​ឈ្នះឈ្នះ

ប៉ៃលិន៖ មានករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ បានកើតឡើងដ៏ក្តៅគគុក អស់រយ:ពេលជាយូរថ្ងៃខែមកហើយ នៅក្នុងខេត្តប៉ៃលិន ដោយអាជ្ញាធរមូលដ្ឋាន មិនអាចដោះស្រាយជូនបាននោះ ឡើយ។

ប៉ុន្តែលុះក្រោយពីស្តាប់ការបកស្រាយពីគ្រប់គាភីពាក់ព័ន្ធទាំងសងខាងរួចមក ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រើយន្តការដោះស្រាយតាមរបៀបសម្របសម្រួល មិនឱ្យមានបញ្ហាបន្តទៀត ពោលគឺការដោះស្រាយតាមបែបសន្តិវិធី ដោយគ្មានអ្នកណាចាញ់ ឬគ្មានអ្នកណាឈ្នះនោះឡើយ ដោយតម្រូវឱ្យពួកគេឈ្នះទាំងអស់គ្នា ព្រមទាំងសុខចិត្តរៀងៗខ្លួន។

ការដោះស្រាយបញ្ហាទំនាស់នេះ បានធ្វើឡើង កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្ត ដោយភាគីជំលោះទាំងសាងខាង បានឯកភាពគ្នា ទទួលយកដោយពេញចិត្ត និងសប្បាយរីករាយទាំងអស់គ្នា ព្រមទាំងបញ្ចប់រឿងរ៉ាវដោយសន្តិវិធីផងដែរ។

ជាមួយគ្នានោះដែរ គូទំនាស់ទាំងពីរ បានទទួលយកការដោះស្រាយដោយសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវអភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយចិត្ត ក្នុងការជួយសម្របសម្រួលដោះស្រាយ ឱ្យបានទទួលនូវការឈ្នះឈ្នះទាំងអស់គ្នា។

គូទំនាស់ ក៏បានសន្យាថា ពេលត្រឡប់ទៅផ្ទះវិញ គឺគ្មានភាពគុំគួននៅក្នុងចិត្តនោះឡើយ និងទទួលយកការដំណោះស្រាយដ៏ឈ្លាសវៃនេះ និងជូនពរឲ្យលោកជំទាវ ទទួលបានជោគជ័យគ្របភារកិច្ចផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព