បណ្តាញសង្គម

សុខទុក្ខ​ពលរដ្ឋ គឺជា​ក្តី​កង្វល់​របស់​អាជ្ញាធរ​ដែល​ត្រូវ​តែ​​​ដោះស្រាយ​​

រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី០៨ កុម្ភៈ ឯកឧត្តមម៉ុម ជឹមហ៊ុយ ប្រធានគណៈ កម្មាធិការទី៧ សមាជិកព្រឹទ្ធិសភា បានដឹកនាំក្រុមមន្ត្រីចុះសំណេះសំណាល ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ សង្កាត់វាលស្បូវ ដើម្បីក្តោបព័ត៌មាន និងស្តាប់របាយការណ៍ផ្សេងៗ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់វាលស្បូវទាំងមូល នាខណ្ឌច្បារអំពៅ ។

ការចុះសំណេះសំណាលខាងលើ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកស្រីអភិបាលរងខណ្ឌ លោកស្រីចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលវាលស្បូវ និងក្រុមមន្ត្រីខណ្ឌសង្កាត់ជាច្រើននាក់ទៀតផងដែរ ។

សង្កាត់វាលស្បូវ គឺជាអតីតសង្កាត់ដែលបំបែកចេញពីស្រុកកៀនស្វាយ នៃខេត្តកណ្តាល ហើយបច្ចុប្បន្នស្ថិតក្នុងដែនដី នៃខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។

សង្កាត់មួយនេះ មានចំនួនប្រជាជនរស់នៅសរុប ២៧២២គ្រួសារ ស្មើរនឹង ១២០៤០នាក់ ។ ក្នុងអង្គពិធីសំណេះសំណាលខាងលើ លោកលោកស្រីជាចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល ក៏បានថ្លែងប្រាប់ជារបាយការណ៍ផ្ទាល់មាត់អំពីស្នាដៃ និងការបំពេញកាតព្វកិច្ចរបស់ខ្លួនកន្លងមក ជូនដល់គណះអធិបតី ដើម្បីទទួលជ្រាបផងដែរ ។

ទន្ទឹមនឹងនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងរៀបរ៉ាប់ជូនគណះអធិបតី អំពីកិច្ចការងាររដ្ឋបាលជាច្រើនដែលរដ្ឋបាលខណ្ឌ និងសង្កាត់វាលស្បូវបានធ្វើរួមគ្នាកន្លងមក ទាំងការផ្តល់នូវសេវាតម្រូវការផ្សេងៗ ការដោយះស្រាយនូវបញ្ហា និងទុក្ខកង្វល់បងប្អូនពលរដ្ឋ ពិសេសការថែរក្សាការពារនូវសន្តិសុខសុវត្ថិភាពផ្សេងៗជាច្រើន ដើម្បីធានាបានដល់ការរស់នៅរបស់ពួកគាត់ទាំងអស់គ្នាផងដែរ ។

លោកអភិបាលខណ្ឌលើកឡើងបន្តថា បញ្ហាដែលរដ្ឋបាលថ្នាក់ខណ្ឌ កំពុងតែជួបប្រឈមមុខនោះ គឺ បញ្ហាផ្លាស់ប្តូរទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះបងប្អូនពលរដ្ឋខ្លះគាត់មានលំនៅឋានច្រើនកន្លែងដែលមិនមែនមានតែក្នុងខណ្ឌច្បារអំពៅ ហើយពួកគាត់ចូលមករស់នៅ

ឬប្តូរចេញពីខណ្ឌច្បារអំពៅ ពួកគាត់ពុំបានធ្វើលិខិតជាមួយរដ្ឋអំណាចបញ្ជាក់ពីការប្តូរឡើយ ដែលជាហេតុធ្វើអោយ អាជ្ញាធរមានការពិបាកក្នុងការគ្រប់គ្រងនូវចំនួនប្រជាជនច្បាស់លាស់មួយរយភាគរយ ដែលកំពុងរស់នៅ ។

លោកថា ពួកគាត់ចង់បានសៀវភៅស្នាក់នៅច្បាស់លាស់ពីអាជ្ញាធរ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការរបស់ខ្លួន ប៉ុន្តែខ្លួនបែរជាមិនព្រមបំពេញការផ្លាស់ប្តូរទីលំនៅអោយបានច្បាស់លាស់តាមច្បាប់នោះទេ សុខចិត្តនៅរស់នៅទាំងគ្មានតួលេខជាពលរដ្ឋក្នុងខណ្ឌទៅវិញ ។

ក្រោយទទួលស្តាប់នូវការលើកឡើងរបស់លោកអភិបាលខណ្ឌ លោកលោកស្រីចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលរួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណះកម្មាធិការទី៧ សមាជិកព្រឹទ្ធិសភា បានមានប្រសាសន៍ កោតសសើរខ្ពស់ ដល់ថ្នាក់ដឹកនាំរដ្ឋបាល សង្កាត់ និងខណ្ឌ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយបទពិសោធន៍ខ្ពស់ និងសុឆន្ទះមុតមាំ ក្នុងការបម្រើការងារជូនបងប្អូនប្រជានៅតាម ដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន នីមួយៗ ។

ឯកឧត្តម ប្រធានគណៈអធិបតី បានណែនាំ ដល់មន្ត្រីថ្នាក់ភូមិ សង្កាត់ ខណ្ឌ ត្រូវប្រើប្រាស់នូវឥរិយាបទ អោយបានសមរម្យបំផុតជាមួយពលរដ្ឋ ក្នុងពេលបំពេញកាតព្វកិច្ច និងកំឡុងពេលបំពេញតម្រូវការផ្សងៗជូនពួកគាត់ ជៀសវៀងប្រើសម្តីមិនសមរម្យ ធ្វើអោយពួកគាត់មានការថ្នាំងថ្នាក់ ឬកើតក្តីខឹងសម្បាជាមួយអាជ្ញាធរ ដែលជាមន្ត្រីបម្រើប្រជាជន ។

លើសពីនោះ ក្រុមអាជ្ញាធរ ត្រូវចុះជាប់ និងនៅគៀកជានិច្ចជាមួយពលរដ្ឋ ដើម្បីទទួលបានដឹងពីសុខទុក្ខលំបាករបស់ពួកគាត់ ក្នុងការយកមកពិភាក្សារកដំណោះស្រាយជូនពួកអោយមានប្រសិទ្ធិភាពខ្ពស់ ជៀសវៀងការទុក្ខអោយដំបៅពួកគាត់ ត្រូវឈឺរាំរៃ គ្មានថ្ងៃជាសះ ។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានស្នើរអោយអាជ្ញាធរ សង្កាត់ខណ្ឌ ពិសេសសង្កាត់វាលស្បូវខាងលើ ត្រូវបន្តការខិតខំប្រឹងប្រែងនេះបន្តទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ ក៏ដូចជាបំពេញសេចក្តីសុខជូន ប្រជាជននិងដើម្បីបម្រើដល់បុព្វហេតុប្រទេសជាតិទាំងមូលផងដែរ ។

ក្នុងអង្គពិធីខាងលើនោះ គណៈអធិបតី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ថ្នាក់រដ្ឋបាលសង្កាត់ផងដែរ ៕

ដកស្រង់ពី៖  កោះសន្តិភាព