បណ្តាញសង្គម

វ៉ាក់សាំងក្នុងយុទ្ធសាស្ត្រទំនាក់ទំនង​​កម្ពុជា ជាមួយមហាយក្ស

ភ្នំពេញ៖ ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្លាំងឡើងលើវ៉ាក់សាំងកូវីដ១៩ របស់ចិន ដែលទើបមកដល់កម្ពុជា ៦០ម៉ឺនដូស កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ គឺនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល បានសម្រេចចាប់ផ្តើមចាក់វ៉ាក់សាំងនេះ លើកដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ថែមលើអ្វីដែលបានប្រកាស នៅក្នុងសន្និសីទកាសែត សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសារជាសំឡេងបន្ថែម ណែនាំឲ្យក្រសួងសុខាភិបាល រៀបចំកម្មវិធីចាក់វ៉ាក់សាំងកូវីដ លើកដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេច ក៏បានប្រកាសថា កូនប្រុសរបស់សម្តេចទាំង ៣ រួមទាំងកូនប្រសារ បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ ជាមួយនឹងកូនរបស់ថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត។

ក្នុងនោះ មន្ត្រីរាជរដ្ឋាភិបាល រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឧត្តមសេនីយ៍ ជាដើម ដែលមានអាយុក្រោម ៥៩ឆ្នាំ ក៏ត្រូវទៅចាក់វ៉ាក់សាំងកូវីដ ដែលជាជំនួយរបស់ចិននេះដែរ។

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមាន អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត

និងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យចំនួន ៤ រួមមាន៖ ១-មន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ២-នៅមន្ទីរពេទ្យព្រះអង្គឌួង

សម្រាប់ឥស្សរជនជា អនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជា អភិបាលរាជធានីខេត្ត និង៤-នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។ ក្រសួងការពារជាតិ ក៏បានកំណត់យកថ្ងៃទី១០ ខែកុម្ភៈ វេលាម៉ោង ២រសៀល ជាថ្ងៃចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ជូនដល់កងកម្លាំងប្រដាប់អាវុធផងដែរ។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងរបស់ចិន ៦០ម៉ឺនដូស កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំង ស៊ីណូ ហ្វាម របស់មិត្តចិន ដែលបានផ្តល់ឲ្យកម្ពុជា នាពេលនេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ថា ជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព។

សម្តេចបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា វ៉ាក់សាំងស៊ីណូហ្វាម របស់មិត្តចិន ដែលត្រូវបានផ្តល់មកកម្ពុជានេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ថា ជាប្រភេទវ៉ាក់សាំងមួយ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព សម្រាប់ស្រទាប់មនុស្សអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ហើយត្រូវបានបញ្ជាទិញ និងអនុម័តឲ្យប្រើប្រាស់ដោយប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសកលលោក។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា

«សុភាសិតខ្មែរ ពោលថា មិត្តល្អ ជួយគ្នា ក្នុងគ្រាក្រ។ ក្នុងន័យនេះ ជំនួយវ៉ាក់សាំងនេះ គឺជាសក្ខីភាពថ្មីដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងការកសាង សហគមន៍ វាសនារួមគ្នា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ នៅពេលនេះ ដោយសារតែកម្ពុជា និងចិនមានកិច្ចសហប្រតិបត្តិការមិត្តភាពរឹងមាំនឹងគ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើគ្មានចំណងមិត្តភាពរឹងមាំរវាងកម្ពុជា និងចិនទេ ថ្ងៃនេះ យើងគ្មានបានទទួលវ៉ាក់សាំង សម្រាប់ប្រជាជនយើងទេ! នោះហើយ ដែលជាមោទកភាពរបស់កម្ពុជា ក្នុងការធ្វើជាដៃគូរបស់មិត្តចិន»។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា មនុស្សអាយុ ៦០ឆ្នាំឡើង មិនអាចចាក់វ៉ាក់សាំង Sinopharm ដែលចិនផ្តល់ឲ្យនេះទេ។ អាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ គឺអាចចាក់បាន តាមការស្ម័គ្រចិត្ត ហើយរយ:ពេលចន្លោះ ១៤ថ្ងៃ ទៅ ២៨ថ្ងៃ សម្រាប់វ៉ាក់សាំង Sinopharm ចាក់ដូសទីពីរ។

ក្នុងម្នាក់ ត្រូវចាក់ពីរដូស។ ឯកសារបង្ហាញថា សព្វថ្ងៃ ចិន មានវ៉ាក់សាំងកូវីដ១៩ ចំនួន ២ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និងរបស់ក្រុមហ៊ុន Sinovac។

មកទល់ខែកុម្ភៈនេះ មានប្រទេស យ៉ាងហោចចំនួន១៦ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ទាំង២ របស់ក្រុមហ៊ុនចិន។

ក្នុងនោះ វ៉ាក់សាំង Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅអេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៊ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។

រីឯវ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅប្រេស៊ីល ឥណ្ឌូណេស៊ី តួកគី ឈីលី កូឡុំប៊ី និងអាស៊ែបៃហ្សង់។ យ៉ាងណាក៏ដោយ សម្រាប់ប្រជាជនកម្ពុជាមួយចំនួន នៅពេលនេះ នៅតែមានការសង្ស័យ និងព្រួយបារម្ភពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ ស៊ីណូហ្វាម របស់ចិន តាមរយៈការនិយាយ លេងសើចតៗគ្នា។

ប៉ុន្តែការព្រួយបារម្ភ ខ្លាចរអារដោយសារតែពាក្យចចាមអារ៉ាមនោះ មិនមែនជាពិតឡើយ។ ធម្មតាទេ ឪពុកម្តាយណា ថាមិនស្រឡាញ់កូន គឺស្រឡាញ់លើសពីអាយុជីវិតរបស់លោកទៅទៀត។ ដូច្នេះពេលនេះ ទោះបីជាលោកអាយុលើស

មិនអាចចាក់វ៉ាក់សាំងកូវីដរបស់ចិននេះបានមែន តែដើម្បីបញ្ជាក់ពីប្រសិទ្ធភាព និងបង្កើនជំនឿចិត្ត គឺសម្តេចតេជោ សុខចិត្តឲ្យកូនប្រុសបង្កើតរបស់សម្តេចទាំង ៣នាក់ រួមទាំងកូនប្រសារ ព្រមទាំងកូនៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់

ក៏ដូចជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ អភិបាលខេត្ត និងអ្នកកាសែត ចាក់វ៉ាក់សាំងនេះ មុនគេ នៅមន្ទីរពេទ្យរដ្ឋទាំង ៥កន្លែង នៅរាជធានីភ្នំពេញ នាថ្ងៃទី១០កុម្ភៈ។

បើគិតឲ្យគ្រប់ជ្រុងជ្រោយទៅ គឺមិនមានអ្វីជាការសង្ស័យលើប្រសិទ្ធភាព និងគុណភាពរបស់វ៉ាក់សាំងកូវីដ១៩ របស់ចិនឡើយ។

ចិន ដែលបានផ្តល់ឲ្យកម្ពុជាដោយឥតគិតថ្លៃ ហើយដឹកជញ្ជូនតាមយន្តហោះយោធាពិសេស មកដល់ភ្នំពេញថែមទៀត។

ថ្នាក់ដឹកនាំចិនកំពូលៗ ពិសេសរដ្ឋមន្ត្រីការបរទេស វ៉ាង យី និងប្រជាជនចិនជាច្រើនទៀត បានចាក់វ៉ាក់សាំង កូវីដ១៩នេះ រួចរាល់តាំងពីខែតុលា ឆ្នាំ២០២០ ហើយអ្នកទាំងនោះ មកដល់ពេលនេះ បន្តមានសុខភាពល្អជាធម្មតា៕

ដកស្រង់ពី៖ កោះសន្តិភាព