បណ្តាញសង្គម

ការ​ផ្សព្វផ្សាយ​ទម្រង់​គំរូ នឹង​ធ្វើ​ប្រសើរ​ឡើង​ទាំង​​គុណភាព និង​ប្រសិទ្ធភាព​​​សំរាប់​ពល​រដ្ឋ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ ប្រកាសបើកសិក្ខាសាលាជុំទី ៥ ស្តីអំពី “ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា”។

សិក្ខាសាលាជុំទី ៥ ស្តីអំពី “ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា” ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃគម្រោង “អភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌” ដំណាក់កាលទី ៥ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីទម្រង់គំរូ

និងដាក់បង្ហាញសាលក្រម/សាលដីកា ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពរបស់ចៅក្រម និងមន្ត្រីអនុវត្តច្បាប់លើបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដោយផ្តោតជាសំខាន់លើប្រធានបទពាក់ព័ន្ធនឹង ៖

ទី១-បញ្ញត្តិទាក់ទងទៅនឹងការបែងចែកទ្រព្យសម្បត្តិនៅក្នុងរឿងក្តីលែងលះ ទី២-ចំណុចសំខាន់ៗនៃបទប្បញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណី និង ទី៣-ទម្រង់គំរូនៃរឿងក្តីលែងលះ។

ការផ្សព្វផ្សាយទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកានេះផងដែរ គឺជាជំហានវិវត្តថ្មីមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងក្នុងគោលបំណងសំខាន់ៗចំនួន ៤ គឺ៖

ទី១-ធានានូវឯកភាព និងសង្គតិភាពនៃឯកសារនានាដែលត្រូវប្រើប្រាស់ជាស្តង់ដារួមលើទម្រង់នៃសេចក្តីសម្រេច។

ទី២-បង្កើនការយកចិត្តទុកដាក់របស់ចៅក្រមក្នុងការរៀបចំតាក់តែងសេចក្តីសម្រេចឱ្យបានត្រឹមត្រូវ និងប្រកបដោយគុណភាព។

ទី៣-ជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវ សម្រាប់ជាប្រយោជន៍ដល់ចៅក្រម មន្ត្រីអនុវត្តច្បាប់ អ្នកសិក្សាច្បាប់ និងប្រជាពលរដ្ឋទូទៅ និង ទី៤-ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទៅសម្រាប់ប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមច្បាប់ ដូចជាទម្រង់គំរូនៃពាក្យបណ្តឹង។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាជុំទី ៥។ សាលាជុំទី ៥ ស្តីពី “ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា” ក្រោមកិច្ចសហការរវាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) និងក្រសួងយុត្តិធម៌។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃពេញ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមានការចូលរួមពីជំនាញការ JICA ប្រចាំក្រសួងយុត្តិធម៌ និងមានសិក្ខាកាមជាចៅក្រមនៃតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត និងមន្ត្រីអនុវត្តច្បាប់មួយចំនួនផ្សេងទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព