បន្ទាយមានជ័យ៖ ដើម្បីពង្រឹងនូវវិធានការទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ គឺកងកម្លាំងឈរជើងតាមព្រំដែន បានរុះរើស្ពានឈើ ដែលឆ្លងដែនខុសច្បាប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ភូមិភាគទី៥ បានប្រាប់ថា ជាការណែនាំពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក គឺដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះរុះរើស្ពានឈើមួយកន្លែង ដែលជាកន្លែងឆ្លងព្រំដែនដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា កងកម្លាំងគ្រប់ស្ថាប័ន ត្រូវតែពង្រឹង និងទប់ស្កាត់ពលករចំណាកស្រុក ដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាកូវីដ១៩ និងការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ នៅពេលដែលប្រទេសជិតខាង កំពុងរាតត្បាតដោយកូវីដ១៩។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានកោតសសើរចំពោះកងកម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ក្នុងយោធភូមិភាគទី៥
ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីការពារបូរណភាពទឹកដី និងបទល្មើសឆ្លងដែន និងពង្រឹងការទប់ស្កាត់កូវីដ១៩ ត្រូវអនុវត្តន៍ អោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដកស្រង់ពី៖ កោះសន្តិភាព