បណ្តាញសង្គម

អ្នកស្រី ចេ​ន សុភាព ៖ ធ្វើ​ជំនួញ​ដោយសារ​មិន​ចង់​ក្រ !

រាជធានីភ្នំពេញ ៖ គម្រោងលុយ សារព័ត៌មាន «កោះសន្តិភាព» សូមលើកយកបទពីសោធន៍ធ្វើជំនួយរបស់សហគ្រិនស្ត្រីវ័យក្មេងម្នាក់ដែលកំពុងលេចធ្លោ ជូនលោកអ្នកសិក្សាដកស្រង់ជាបទពិសោធន៍នោះ គឺអ្នកស្រី ចេង សុភាព ម្ចាស់សហគ្រាសកីតម្បាញខ្មែរ KTK ។

នៅក្នុងចំណោមធុរជននៅភ្នំពេញ បានស្គាល់អ្នកស្រី ចេន សុភាព គាត់ជាម្ចាស់ជ័យលាភីលើជំនួញមិនថា ជាពាន់រង្វាន់នៅក្នុងប្រទេសឬអន្តរជាតិនោះទេ កាលពីឆ្នាំ ២០២០ គាត់បានជាប់ពាន់រង្វាន់ថ្នាក់ជាតិផងដែរ ។

គាត់បានផ្តើមធ្វើជំនួញនៅឆ្នាំ ២០១៥ ដោយបង្កើតសហគ្រាសកីតម្បាញខ្មែរ ។ ជាសហគ្រាសកាត់ដេរសម្លៀកបំពាក់បុរស-ស្ត្រី ពីស៊ឹងនិងផាមួងខ្មែរ ។

សហគ្រាសនេះធ្វើការជាមួយស្ត្រីអ្នកត្បាញប្រមាណ ៣០០គ្រួសារ ។ ការបង្កើតសហគ្រាសនេះឡើងមិនមែនជាការដៃដន្យនោះឡើយ ។ អ្នកស្រីចូលចិត្តស្លៀក សម្លៀកបំពាក់ខ្មែរ ប៉ុន្តែពិបាករកទិញកាលនោះ ដូច្នេះក៍មានគំនិតបង្កើតអាជីវកម្មខ្លួនឯង ។

យ៉ាងហោចណាស់មានហេតុផលចំនួនបីសំខាន់ៗ ដែលជំរុញឲ្យគាត់បង្កើតជំនួញខ្លួនឯង ។

ទី ១ ដោយសារខ្លួនចូលចិត្ត ទី ២ ដោយសារឱកាសទីផ្សារ និងទី ៣ដោយសារចំណង់ចំណូលចិត្ត ។

ជាកូនអ្នកនេសាទនៅខេត្តព្រះសីហនុជាប់សមុទ្រ កុមារភាពរបស់អ្នកស្រី ចេន សុភាព បានឆ្លងកាត់គ្រប់រស់ជាតិជីវិត ។

ជាកុមារីដែលមានឳពុកជាអ្នកចុះទូកនេសាទក្នុងសមុទ្រ ហើយអ្នកម្តាយជាអ្នកលក់ត្រីសមុទ្រនោះ អ្នកស្រី ចេន សុភាព ដែលជាកូនច្បងមានបងប្អូន ៦នាក់ មិនគិតតែរៀនមួយមុខនោះឡើយ ។

«ខ្ញុំតែងតែជួយលក់ដូរម្តាយជាប្រចាំ ។ ចំណែកការងារផ្ទះខ្ញុំចេះធ្វើគ្រប់សព្វ ខ្ញុំរែកទឹក ដាំស្ល ហើយពេលទៅរៀនតាំងពីបឋមសិក្សារហូតដល់មហាវិទ្យាល័យខ្ញុំមិនដែលមានកង់ជិះទេ ។ ខ្ញុំដើររហូត» ។

គ្រួសារក្រ ប៉ុន្តែកាន់តែលំបាកនៅពេលឪពុកធ្លាក់ខ្លួនឈឺ ប្រកបការងារប្រចាំថ្ងៃមិនកើត ។ កាលនោះនៅអំឡុងពេលដែលគាត់រៀននៅបឋមសិក្សា ។

«បើខ្ញុំគ្មានម្តាយដែលជាអ្នកស្រឡាញ់ការសិក្សាដែលគាត់បានលើកទឹកចិត្តណែនាំខ្ញុំឲ្យរៀនសូត្រជានិច្ចនោះទេ ម្លេះខ្ញុំបានឈប់រៀនបាត់ហើយ ។

ដោយសារតែជីវភាពគ្រួសារលំបាកពេក ជំពាក់បំណុលគេ ខ្ញុំមានបំណងចង់ឈប់រៀនច្រើនដងណាស់ ប៉ុន្តែអ្នកម្តាយមិនឲ្យឈប់» ។ អ្

នកស្រី ចេន សុភាព ឲ្យដឹង ។ «កូនត្រូវរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ហើយកុំធ្វើជាស្ត្រីដែលពឹងតែលើកម្លាំងរបស់ស្វាមី» ទាំងនេះជាសម្តីរបស់អ្នកម្តាយរបស់ស្ត្រី ចេន សុភាព ដែលតែងតែអប់រំណែនាំដល់គាត់ជាប្រចាំ ។

ដោយសារតែការទូន្មានទាំងនេះ អ្នកស្រី ចេន សុភាព បានខិតខំតសូរៀនទោះបីស្ថិតនៅក្នុងស្ថានភាពក្រីក្រក្តី ។

កុមារភាពរបស់គាត់ជាសិស្សរៀនពូកែបើទោះបីជារៀនផងធ្វើការងារផ្ទះផង ។ នៅឆ្នាំ ១៩៩៧ គាត់បានរៀនចប់បាក់ឌុប ។

ប៉ុន្តែដល់ឆ្នាំ ១៩៩៨ ទើបគាត់មានឱកាសចូលរៀននៅឧត្តមសិក្សាដោយសារស្ថានភាពស្រុកទេសក្នុងឆ្នាំ ១៩៩៧ មានការប្រយុទ្ធគ្នានៅកណ្តាលក្រុងភ្នំពេញ ។

នៅឆ្នាំ ១៩៩៨ អ្នកស្រី ចេន សុភាព បានប្រឡងជាប់សាលាពេទ្យនៅភូមិភាគខេត្តកំពត ប៉ុន្តែមែនទែនទៅគាត់មិនស្រឡាញ់អាជីពគ្រូពេទ្យនោះទេ ។

គាត់រៀនពេទ្យតាមការចិត្តអ្នកម្តាយ ។ អ្នកស្រី ចេន សុភាព ស្រឡាញ់កាងារមេធាវី និង ជំនួញ ។ តើជិវិតរបស់សហគ្រិនវ័យក្មេងនេះឆ្លងកាត់អ្វីទៀត ទើបមកដល់ចំណុចដូចពេលបច្ចុប្បន្ននេះ ។

គម្រោងលុយ នៃសារព័ត៌មាន «កោះសន្តិភាព» នឹងផ្សាយជូនលោកអ្នកនៅពេលក្រោយទៀត ។

អ្វីដែលយើងរៀនសូត្រពីគាត់បានដល់ចំណុចនេះ គឺគាត់បានខិតខំរៀន ទោះក្នុងស្ថានភាពបែបណាក៍ដោយគ្រួសារគាត់បានឲ្យតម្លៃលើចំណេះវិជ្ជា ៕

ដកស្រង់ពី៖ កោះសន្តិភាព