បណ្តាញសង្គម

សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​ដក​តំណែង​អធិការ​ស្រុក​កំ​រៀង បញ្ជូន​ទៅ​ស៊ើបអង្កេត​រឿង​ពុក​រលួយ តៀម​ចូល​ពន្ធនាគារ

រាជធានីភ្នំពេញ ៖ ក្រោយពីក្រុមការងារចុះស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង មកធ្វើការសាកសួរ នៅឯស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៥ កុម្ភៈនេះ នៅទីបំផុតទៅលោក គឹម ពន្លក បានទទួលស្គាល់ថា ខ្លួនពិតជាបានដោះលែងមេខ្យល់ពិតប្រាកដមែន ដោយករណីទី១ ទទួលបានពីកងកម្លាំងវរការពារព្រំដែន៨១៩ គឺមុខសញ្ញាមេខ្យល់ ផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពី

កម្ពុជាទៅថៃ និងករណីទី២ គឺមុខសញ្ញា ពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ។

ក្រោយទទួលបានលទ្ធផលខាងលើ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាឲ្យបកស័ក្តិ និងបណ្តាញវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ចេញពីក្របខណ្ឌនគរបាលជាតិ ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសំឡេងបានបញ្ជាក់ច្បាស់ថា បន្ទាប់ពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌហើយ លោកអភិបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ជាបន្តទៀត ករណីពុករលួយ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ ជាការព្រមានដល់មន្ត្រីផ្សេងទៀត កុំឲ្យប្រព្រឹត្តដូច្នេះ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែមករា ២០២១នេះ លោកវរៈសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដែលគ្រប់គ្រងភូមិសាស្ត្រច្រកព្រំដែនអន្តរជាតិដូង-បានឡែម ត្រូវបានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន

ស្នងការនគរបាលខេត្តបាត់ដំបង ចេញលិខិតផ្អាកការងារបណ្ដោះអាសន្ន ក្រោយពីរកឃើញថា

លោកអធិការរូបនេះអនុវត្តការងារខុសនីតិវិធី ពោលគឺបានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ក្នុងអំឡុងពេល ដែលមានការរីករាលដាលជំងឺកូវីដ-១៩ ៕

ដកស្រង់ពី៖ កោះសន្តិភាព