បណ្តាញសង្គម

នគរបាលការពារបេតិកភណ្ឌ រៀបចំពិធីបួងសួងសែនព្រេនជូនដួងវិញ្ញាណក្ខន្ធបុព្វបុរស មេទ័ព ដូនតាខ្មែរ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីសុំសេចក្ដីសុខ

(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌនៃអគ្គស្នងការនគរបាលជាតិ បានដឹកនាំកងកម្លាំងក្រោមឱវាទរៀបចំពិធីបួងសួង សែនព្រេន ជូនចំពោះ ដួងវិញ្ញាណក្ខន្ធបុព្វបុរស មេទ័ព ដូនតាខ្មែរ ព្រមទាំងបារមីនៃវត្ថុស័ក្តិសិទ្ធិ ដែលបានថែរក្សាមហានគរតំបន់រមណីយដ្ឋានអង្គរ ដើម្បីសុំសេចក្ដីសុខចម្រើន សិរីសួស្ដី ជ័យមង្គល ជូនចំពោះកងកម្លាំងនៅក្នុងអង្គភាព និងប្រទេសកម្ពុជាទាំងមូល។

ពិធីនេះគឺបានរៀបចំនាព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែរខ្លោងទ្វារជ័យ (ខ្លោងទ្វារខាងកើត) នៃប្រាសាទអង្គរធំ (ប្រាសាទបាយ័ន)។ លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា

ពិធីនេះគឺបានរៀបចំឡើងទៅតាមទម្លាប់របស់ប្រធាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ដែលបានរៀបចំជាហូរហែរមកប្រមាណជាង ២០ ឆ្នាំមកហើយ។

ការរៀបចំពិធីនេះ គឺដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន សិរីសួស្ដីជ័យមង្គលជូនចំពោះកងកម្លាំងនគរបាលការពារបេតិកភណ្ឌ ដែលបានឈរជើងនៅតំបន់រមណីយដ្ឋានអង្គរ និងតាមតំបន់មួយចំនួនទៀត ហើយជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាទាំងមូល។

លោកបានបន្តថា តាំងពីបុរាណកាលតរៀងមក ដូនតាបុព្វបុរសខ្មែរលោកតែងតែបានប្រារព្ធនូវពិធីដឹងគុណ ការសែនព្រេន បួងសួង និងសុំសេចក្ដីសុខចម្រើន សិរីសួស្ដី ជ័យមង្គលបែបនេះជារៀងរហូតមក

ហើយកម្ពុជាគឺប្រកាន់យកនូវសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ហើយក៏មានសេរីភាពពេញលេញក្នុងការគោរពបូជាសែនព្រេនបន់ស្រន់ តាមជំនឿ និងសាសនាផ្សេងៗ ដើម្បីទទួលបាននូវសេចក្ដីសុខសេចក្ដីចម្រើនជាដរាបរៀងមក៕

ដកស្រង់ពី៖ Fresh News