រាជធានីភ្នំពេញ ៖ ជនជាតិខ្មែរសរុប ១៦ នាក់អាយុចន្លោះ ១៦ ឆ្នាំដល់៥១ឆ្នាំ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ២៦ នាក់នៅខណ្ឌចំនួន ៣ ក្នុងរាជធានីភ្នំពេញ ។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១នេះថា កម្ពុជាបានរកឃើញករណីឆ្លងថ្មីនៃកូវីដ -១៩ សរុបចំនួន៦៤នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈទាំងអស់ ដោយក្នុងនោះនៅរាជធានីភ្នំពេញចំនួន ២៦នាក់ ខេត្តព្រះសីហនុចំនួន ០២នាក់ ខេត្តកណ្តាល ៣០នាក់ ខេត្តព្រៃវេងចំនួន ៥ នាក់ និងខេត្តសៀមរាបចំនួន១នាក់ ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅរាជធានីភ្នំពេញចំនួនអ្នកឆ្លងច្រើនបំផុតដែលត្រូវបានរកឃើញត្រឹមព្រឹកថ្ងៃទី ១០ មីនា គឺនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង មានចំនួនដល់ទៅ ១៦នាក់សុទ្ធតែជាជនជាតិខ្មែរ ខណៈនៅខណ្ឌមានជ័យ គឺមានជនជាតិចិន ១រូប និងខណ្ឌសែនសុខមានចំនួន ៨នាក់សុទ្ធតែជាជនជាតិខ្មែរ អាយុចន្លោះពី ១៥ ទៅ ៤២ ឆ្នាំ ។
សូមបញ្ជាក់ថា រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១០ មីនា ២០២១ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៤ នាក់ឆ្លងសហគមន៌ទាំងអស់ និងមានជាសះស្បើយ ១១នាក់ជាអ្នកពាក់ព័ន្ធឆ្លងក្នុងសហគមន៍ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបនៅកម្ពុជាបានកើនឡើងដល់ ១១២៤នាក់ ចំនួនសំរាកនៅមន្ទីរពេទ្យមានចំនួន ៥៧៤ នាក់ និងចំនួនជាសះស្បើយ ៥៤៩ នាក់ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC នៃក្រសួងសុខាភិបាលបានលើកឡើងថា «ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច
ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ» ៕
ដកស្រង់ពី៖កោះសន្តិភាព