បណ្តាញសង្គម

សម្តេច​តេ​ជោ ៖ ការ​រៀប​កន្លែង​បូជាសព ឬ​បញ្ចុះសព​អ្នក​ស្លា​.​ប់​ព្រោះ​កូ​វី​ដ​១៩ ជា​ការ​ទទួលខុសត្រូវ​ដល់​ប្រជាជន

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំកន្លែងសម្រាប់បូជាសព ឬបញ្ចុះអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ គឺជាការទទួលខុសត្រូវចំពោះប្រជាជន និងគិតពីសុខុមាលភាពសង្គមជាតិ ។

ការលើកឡើងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានធ្វើការបកស្រាយទៅមនុស្សមួយចំនួនថា ការដែលសម្ដេចត្រៀមកន្លែងបូជាសពអ្នកស្លាប់កូវីដ-១៩ គឺមិនមែនប្រមាថជីវិតមនុស្សឡើយ ផ្ទុយទៅវិញ គឺជាការគោរពសិទ្ធប្រជាពលរដ្ឋ ។

តាមរយៈសារសំឡេងនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ពិតមែនហើយមានមនុស្សមួយក្រុម គឺចេញមកនិយាយថា នៅពេលដែលខ្ញុំឲ្យត្រៀមលក្ខណៈបែបនេះ (ត្រៀមកន្លែងបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ) គឺជាការប្រមាថជីវិតរបស់ប្រជាជន ។

ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនប្រជាពលរដ្ឋឲ្យជ្រាបថា ខ្ញុំមិនបានប្រមាថជីវិតរបស់ប្រជាជនទេ ប៉ុន្ដែផ្ទុយទៅវិញនេះ គឺជាគោរពទៅដល់ប្រជាជននៅពេលដែលមានឧបសគ្គកើតឡើងទាក់ទិនជាមួយមរណភាពរបស់អ្នកជំងឺ ដែលស្លាប់ដោយកូវីដ យើងមិនត្រូវបាច់ម្ចាស់ការ ហើយនាំដល់ការចម្លងមេរោគទៅកាន់ក្រុមគ្រួសារ ឬអ្នកដទៃនោះទេ ដែលយើងត្រូវត្រៀមទុក» ។

សម្ដេចតេជោបន្ដថា នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ភាគច្រើនមាន ឪពុក-ម្ដាយ ចាស់ៗតែងតែធ្វើក្តាមឈូស ចេតីយ ជូនទុកឲ្យគាត់ តើនោះវាជាប្រមាថចំពោះជីវិត ឪពុក-ម្ដាយ ចំពោះជីវិតជីដូន-ជីតា ដែរឬទេ?

ដូច្នេះនៅពេលសម្ដេចរៀបចំកន្លែងបូជាសពអ្នកស្លាប់ដោយកូវីដ ដើម្បីជាការគោរព និងទទួលខុសត្រូវចំពោះសុខមាភាពរបស់ប្រជាជនខ្មែរជាពិសេសទទួលខុសត្រូវចំពោះអ្នកទទួលមរណភាពផងដែរ ។

សម្តេចក៏បានលើកឡើងថា បានត្រៀមក្តាម្ឈូសសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ផងដែរ ។

សម្ដេចក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរ រាជធានី-ខេត្ត ត្រូវរកទីតាំងកន្លែងបូជាសពឲ្យសមរម្យ ហើយមិនមែនប្រមាថជីវិតប្រជាជនដូចការលើកឡើងរបស់មនុស្សមួយចំនួន តូចបានលើកឡើយ ។

សូមអ្នកទាំងនោះ កុំរៀបចំក្តាមឈូសសម្រាប់ឪពុកម្តាយគាត់អីជារឿងរបស់គាត់ ។

សម្ដេចតេជោ បន្ថែមថា នៅលើពិភពលោកក៏បានត្រៀមធ្វើក្តាមឈូសរួចជាសម្រេច តើនោះប្រមាថជីវិតមនុស្សឬទេ ? ។

សម្ដេចបញ្ជាក់សារជាថ្មីថា អាជ្ញាធរត្រូវរៀបចំកន្លែងបូជាសពអ្នកស្លាប់ដោយកូវីដ-១៩ ឲ្យស្របតាមទំនៀមទំម្លាប់ខ្មែរ និងមួយផ្នែកទៀតត្រូវរៀបចំដីបញ្ចុះសពតាមទំនៀបទំម្លាប់របស់ប្រជាពលរដ្ឋខ្មែរឥស្លាម និងជនដើមភាគតិច ។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងមានក្រុមហ៊ុនមួយចំនួនបានធ្វើក្តាមឈូសសម្រាប់អ្នកស្លាប់ដោយសារកូវីដផងដែរ ។

ចំណុចនេះបណ្តាប្រទេសលើពិភពលោកក៏បានត្រៀមរួចហើយ សម្រាប់ក្តាមឈូសសម្រាកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដោយរៀបចំតាមប្រពៃណីរបស់គេផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ថា អ្នកកើតជំងឺកូវីដ-១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ មីនានេះ ហើយជាករណីនៅដំបូងនៅប្រទេសកម្ពុជាដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩ ។

ពាក់នឹងអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១១៦៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៥៩៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៦៥នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព