បណ្តាញសង្គម

ប្រតិបត្តិការទប់ស្កាត់កូវីដ ពេលនេះ គឺរកអ្នកវិជ្ជមាន​-អ្នក​ពាក់ព័ន្ធ ប្រមូលមកធ្វើចត្តាឡីស័ក និងព្យាបាល

ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីធ្វើបទបង្ហាញ ស្តីពី បទដ្ឋានប្រតិបត្តិការ និងលំហាត់ហ្វឹកហ្វឺនអន្តរាគមន៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការហ្វឹកហ្វឺន នាពេលនេះ មានសារៈសំខាន់ណាស់ ក្នុងការបណ្តុះនូវពុទ្ធិ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

លោកឧត្តមសេនីយ៍ បន្តថា ការបង្ការជំងឺកូវីដ១៩ ធ្វើឡើង តាមរយៈវិធានមួយចំនួន ដូចការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យកម្លាំងយើង

យល់ដឹងអំពីបទដ្ឋានប្រតិបត្តិស្តង់ដារ ក្នុងការការពារខ្លួន ការពារក្រុមគ្រួសារ និងការពារការឆ្លងរីករាលក្នុងអង្គភាព ដោយរួមមាន ទាំងការហ្វឹកហ្វឺនទ្រឹស្តីក្នុងថ្នាក់ ទាំងការសំដែងការអនុវត្តជាក់ស្តែងលើទីលាន

ព្រមទាំងការបន្តដុសខាត់ចំណេះដឹងជាប្រចាំ ប្រយោជន៍ផ្តល់ជាទុន ក្នុងការការពារខ្លួន និងជួយទប់ស្កាត់ការចម្លងពីបុគ្គលវិជ្ជមានទៅអ្នកដទៃ ហើយចាំបាច់ទាមទារឲ្យសិក្ខាកាមមានការយល់ដឹងស៊ីជម្រៅនូវយុទ្ធវិធីនីមួយៗ តាមតួនាទីភារកិច្ចច្បាស់លាស់ ជាមួយការបំពាក់សម្ភារៈគ្រប់គ្រាន់ និងធានាក្នុងការទំនុកបម្រុងបានគ្រប់ជ្រុងជ្រោយ ដើម្បីភាពជោគជ័យក្នុងប្រតិបត្តិការជាក់ស្តែង។

លោកបញ្ជាក់ថា ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានបីដំណាក់កាលធំៗ៖ ទីមួយ គឺការស្វែងរកយ៉ាងរហ័សឲ្យឃើញនូវអ្នក ដែលវិជ្ជមាន និងអ្នកទាំងទ្បាយណា ដែលមានការពាក់ព័ន្ធ ដើម្បីប្រមូលផ្តុំ ដាក់ក្នុងមណ្ឌលចត្តាទ្បីស័ក ធានាទប់ស្កាត់បានការឆ្លងរីករាលដាលទៅដល់អ្នកដទៃ។

ក្នុងដំណាក់កាលនេះ ក្រុមពេទ្យរបស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានដើរតួនាទីជាកម្លាំងជួរមុខយ៉ាងសំខាន់ ហើយបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះអស់រយៈកាលជិតពីរឆ្នាំមកហើយ ដោយបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ។

ដូច្នេះសូមកងកម្លាំងគ្រប់ប្រភេទ មន្តី្ររាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះជាមួយមន្ត្រីសុខាភិបាលប្រកបដោយភាពអង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយកើតទ្បើង ដើម្បីចូលរួមចំណែកជាមួយរាជដ្ឋាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះ។

វិធានការទីពីរ គឺការប្រមូល គ្រប់គ្រង និងពិនិត្យឲ្យបានហ្មត់ចត់ដល់អ្នក ដែលជាប់ពាក់ព័ន្ធ មានការសង្ស័យ ដើម្បីធ្វើចត្តាទ្បីស័ក ធានាទប់ស្កាត់បាននូវការរីករាលដាលជាបន្តបន្ទាប់ ហើយសូមគ្រប់បណ្តាអង្គភាពទ័ព

ធ្វើការរៀបចំអគារដាច់ដោយទ្បែកមួយ ប្រកបដោយបទដ្ឋានស្តង់ដារ និងការអនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវសម្រាប់ធ្វើជាមណ្ឌលចត្តាទ្បីស័កដល់យោធិនរបស់ខ្លួន និងក្រុមគ្រួសារ ដែលនេះជាការជួយសម្រាលបន្ទុកដល់បណ្តាមជ្ឈមណ្ឌលចត្តាទ្បីស័ករបស់រាជរដ្ឋាភិបាល។

នៅក្នុងដំណាក់កាលនេះ កម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយកម្លាំងដែលទទួលការហ្វឹកហ្វឺននាពេលនេះ

នឹងត្រៀមដើម្បីចូលរួមគាំទ្រនៅក្នុងប្រតិបត្តិការគ្រប់គ្រងតំបន់ចត្តាទ្បីស័កក្នុងស្ថានការណ៍ចាំបាច់កើតទ្បើងដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែមក្នុងការការពារការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។

ទីបី គឺការព្យាបាល ដើម្បីធានាបាននូវការជាសះស្បើយ សម្រាប់អ្នកជំងឺគ្រប់រូប ទោះបីជាជំងឺកូវីដ-១៩ បានបំប្លែងខ្លួនយ៉ាងក៏ដោយ ក៏យើងបន្តរក្សានូវការប្រឹងប្រែង និងប្រុងប្រយ័ត្នខ្ពស់

ព្រោះសន្ទុះនៃការឆ្លងបានកើនទ្បើងគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមានទាំងករណីនាំចូល និងទាំងករណីរីករាលដាលក្នុងសហគមន៍តែយើងមិនបានបាត់នូវភាពម្ចាស់ការក្នុងការគ្រប់គ្រង

និងព្យាបាលទ្បើយ ហើយថែមទាំងបន្តយកចិត្តទុកដាក់កើនទ្បើង ក្នុងការទប់ស្កាត់កុំឲ្យមានការរីករាលដាលខ្លាំងជាងនេះទៀត ជាពិសេសក្នុងអំទ្បុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

លោក ហ៊ុន ម៉ាណែត សូមអរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាពដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេសក្នុងការតាក់តែងឯកសារ

និងធ្វើបទបង្ហាញដល់ការហ្វឹកហ្វឺននេះ ព្រមទាំងអរគុណដល់កងកម្លាំងរបស់យើងសម្រាប់ទឹកចិត្តក្លាហានមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ កោះសន្តិភាព